ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអំពាវនាវឱ្យប្រជាជនរបស់លោករួបរួមគ្នាដើម្បីបន្តការតតាំងប្រឆាំងនឹងរុស្ស៊ីនៅក្នុងទិវាអ្នកការពារ។ ថ្ងៃទី១ ខែតុលា គឺជាថ្ងៃឈប់សម្រាករបស់អ៊ុយក្រែន ដែលផ្តល់កិត្តិយសដល់សមាជិកសកម្មនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។
លោក Zelenskyy បានថ្លែងទៅកាន់ហ្វូងមនុស្សនៅក្នុងទិវាអ្នកការពារក្នុងទីក្រុងគីវ កាលពីថ្ងៃពុធ។ លោកនិយាយថា «ពេលនេះ គឺជាពេលដែលយើងត្រូវការពារខ្លួនតាមរបៀបដែលកូនរបស់យើង និងអ្នកជំនាន់ក្រោយទាំងអស់ ត្រូវបានធានានូវសេរីភាពពីសង្គ្រាម ពីភេរវកម្ម ពីការវាយប្រហារ និងការគំរាមកំហែងណាមួយ»។

នៅទីលានឯករាជ្យក្នុងទីក្រុងគីវ សមាជិកគ្រួសារអ្នកដែលបានស្លាប់ និងអ្នកផ្សេងទៀតកាន់រូបថតអ្នកស្លាប់ក្នុងសមរភូមិ បានមកប្រមូលផ្តុំគ្នាដើម្បីបួងសួងដោយស្ងៀមស្ងាត់។
ទោះបីជារយៈពេលជាង៣ឆ្នាំកន្លះបានកន្លងផុតទៅចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ការចរចាដើម្បីសន្តិភាព ឬបទឈប់បាញ់នៅតែជាប់គាំង។ កងកម្លាំងរុស្ស៊ីបន្តធ្វើការវាយប្រហារទ្រង់ទ្រាយធំៗលើទីក្រុង គីវ និងកន្លែងផ្សេងទៀតដោយប្រើមីស៊ីល និងយានដ្រូន ខណៈបង្កើនការវាយលុករបស់ខ្លួននៅសមរភូមិជួរមុខ ក្នុងគោលបំណងដណ្តើមបានការគ្រប់គ្រងតំបន់ Donetsk ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន និងនៅកន្លែងផ្សេងទៀត។
