នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម X នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Anwar Ibrahim និងនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Shebaz Sharif បានធ្វើការថ្កោលទោសអ៊ីស្រាអែលសម្រាប់ការស្កាត់កងនាវា Global Sumud Flotilla នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយក្រុមអ្នករៀបចំកងនាវា និយាយថា កងកម្លាំងអ៊ីស្រាអែលបានបញ្ឈប់ទូករបស់ពួកគេ ១៤គ្រឿង ដឹកសកម្មជនបរទេស និងជំនួយធ្វើដំណើរទៅកាន់តំបន់ហ្កាហ្សា ។
ប្រធានាធិបតីបូលីវីលោក Luis Arce Catacora និងប្រធានាធិបតីគុយបាលោក Miguel Diaz-Canel បានបង្ហាញការថ្កោលទោសផងដែរ ។

មេដឹកនាំផ្សេងទៀតដូចជារដ្ឋមន្រ្តីការបរទេសអេស្ប៉ាញលោក Jose Manuel Albares និងនាយករដ្ឋមន្រ្តីអៀរឡង់លោក Simon Harris បានបង្ហាញក្តីបារម្ភរបស់ពួកគេចំពោះដំណើរវិវត្តន៍ចុងក្រោយនេះ ។
លោក Harris និយាយថា លោកបន្តទាក់ទងយ៉ាងដិតដល់ជាមួយក្រុមមន្រ្តីរបស់លោកដែលធ្វើការលើគោក ហើយលោកបាននិយាយជាមួយសមភាគីសហភាពអឺរ៉ុបផងដែរ លើបញ្ហារបស់កងនាវា Global Sumud Flotilla ។
លោកថា សេចក្តីរាយការណ៍កាលពីយប់មិញ គួរឲ្យព្រួយបារម្ភខ្លាំងណាស់ ។ នេះគឺជាបេសកកម្មសន្តិភាព ដើម្បីផ្តល់ពន្លឺដល់គ្រោះថ្នាក់មនុស្សធម៌ដ៏អាក្រក់បំផុត ។
សូមបញ្ជាក់ថា កងនាវា Global Sumud Flotilla ដែលដឹកឱសថ និងស្បៀងអាហារទៅកាន់តំបន់ហ្កាហ្សា មានទូកស៊ីវិលជាង ៤០គ្រឿង ផ្ទុកដោយសមាជិកសភា មេធាវី និងសកម្មជនប្រហែល ៥០០នាក់ ។ វាគឺជានិមិត្តរូបដ៏គួរឲ្យចាប់អារម្មណ៍បំផុតនៃការប្រឆាំងនឹងការបិទច្រករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ៕
