បាល់ទាត់៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានកំណត់កាលបរិច្ឆេទ បើកលក់សំបុត្រចូលទស្សនាការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍អាយុក្រោម ២៣ឆ្នាំ AFF U23 Championship 2022 នៅពហុកីឡដ្ឋានជាតិមរតកតេជោនៃរាជធានីភ្នំពេញ ប្រទេសកម្ពុជាហើយ ដោយគ្រោងបើកលក់នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខពោលគឺមុនការប្រកួតចាប់ផ្ដើម ៤ថ្ងៃ។
ជាមួយការបើកលក់សំបុត្រនៅវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោនេះ សហព័ន្ធបានបែងចែកសំបុត្រជា ៤ប្រភេទរួមមានប្រភេទទី១ តម្លៃ ៣ម៉ឺនរៀលមានចំនួន ៦,៧៨៩កៅអី, ប្រភេទទី២-តម្លៃ ២ម៉ឺនរៀលមានចំនួន ៣,០២៩កៅអី, ប្រភេទទី៣-តម្លៃ ១៤,០០០រៀលមានចំនួន ៩,៧៧៣កៅអី និងប្រភេទទី៤-តម្លៃ ៨ពាន់រៀលមានចំនួន ៦,៨៤៨កៅអី។ សម្រាប់ចំនួនកៅអីនៃតម្លៃទាំង ៤ប្រភេទនេះ គឺជាចំនួនកៅអីក្រោយកាត់ចេញ ៥០% មានន័យថា សហព័ន្ធអនុញ្ញាតឲ្យទស្សនិកជនចូលរួមទស្សនាផ្ទាល់បានតែ ៥០% នៃចំនួនកៅអីសរុបនៃពហុកីឡដ្ឋានប៉ុណ្ណោះដើម្បីងាយស្រួលគ្រប់គ្រង ពិសេសដើម្បីគោរពវិធានការសុវត្ថិភាព និងបង្កការរីករាលដាលនៃជំងឺកូវីដ-១៩។
គួរដឹងថា ពានរង្វាន់ AFF U23 Championship 2022 ដែលកម្ពុជាទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះនេះ នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈនេះដោយប្រើប្រាស់ទីលាន ២ សម្រាប់ធ្វើការប្រកួតរួមមានពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍ ខណៈព្រឹត្តិការណ៍ប្រចាំតំបន់នេះទទួលបានសិទ្ធផ្សាយផ្ទាលផ្ដាច់មុខដោយស្ថានីយ៍ទូរទស្សន៍ BTV-News។ ព្រឹត្តិការណ៍ប្រចាំតំបន់នេះដែរគឺមាន ១១ប្រទេសចូលរួម និងបែងចែកជាំ ៣ពូលក្នុងនោះក្រុមគោព្រៃជំទង់កម្ពុជាស្ថិតក្នុងពូល A ជាមួយទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ។ រីឯពូល B មានឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ ខណៈពូល C មានថៃ វៀតណាម និងសិង្ហបុរី៕
អត្ថបទ៖ លី ឈុនឡា