ក្រុមមន្រ្តីនិយាយថា ក្មេងៗ ៦នាក់ រងការចោទប្រកាន់ថា បានស្លាប់ ក្រោយប្រើប្រាស់ទឹកស៊ីរ៉ូក្អកចន្លោះថ្ងៃទី ៤ ខែកញ្ញា ដល់ថ្ងៃទី ២៩ ខែកញ្ញា នៅរដ្ឋភាគកណ្តាល Madhya Pradesh ប្រទេសឥណ្ឌា ។ ក្មេងៗរងផលប៉ះពាល់ទាំងនេះ ដំបូងកើតមានជំងឺគ្រុនក្តៅ ផ្តាសាយ ក្អក និងពិបាកដងដង្ហើម ។
ម្តាយរបស់ក្មេងដែលបានស្លាប់និយាយថា កូនស្រីរបស់គាត់ប្រឈមនឹងបញ្ហាពិបាកដកដង្ហើម ។

រដ្ឋបាលរដ្ឋ Madhya Pradesh បានយកសំណាកទឹកស៊ីរ៉ូក្អកមកធ្វើតេស្ត ហើយនិងហាមឃាត់ការលក់ឱសថប្រភេទនេះ រហូតដល់ដល់ចេញរបាយការណ៍ ។
ខណៈពេលនោះដែរ ឧបទ្ទេវហេតុស្រដៀងគ្នា ត្រូវបានគេរាយការណ៍ថា កើតមាននៅរដ្ឋភាគខាងលិច Rajasthan ជាទីដែលក្មេងម្នាក់ បានស្លាប់ ហើយក្មេង ២នាក់ទៀត បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ។
បទប្បញ្ញត្តិឥណ្ឌាតម្រូវឲ្យក្រុមហ៊ុនផលិតថ្នាំពេទ្យធ្វើតេស្តរាល់វត្ថុធាតុដើមនិមួយៗ ហើយនិងផលិតផលរបស់ពួកគេ ។
ក្នុងករណីដែលពុំបានធ្វើតេស្តឲ្យបានត្រឹមត្រូវទេនោះ ឬការបំពានណាមួយ ពួកគេនឹងប្រឈមការផាកពិន័យ ឬត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររហូតអស់មួយជីវិត ក្នុងករណីដែលផលិតផលមួយត្រូវបានរកឃើញថា មានផលប៉ះពាល់ ឬបណ្តាលឲ្យមនុស្សស្លាប់ ។
ទោះបីជាយ៉ាងណាក៏ដោយ ពុំមានប្រវត្តិទូទាំងប្រទេសនៃការដាក់ទោសនោះទេ សម្រាប់ការលក់ ឬការពុំបានធ្វើតេស្តឱសថមានសារធាតុពុល ៕
