នាយករដ្ឋមន្រ្តីក្រិកលោក Kyriakos Mitsotakis និយាយថា ពេលវេលាបានមកដល់ហើយសម្រាប់សហភាពអឺរ៉ុប(EU)ឲ្យប្រើប្រាស់ធនធានផ្ទាល់ខ្លួន ដើម្បីគាំទ្រគម្រោងការពាររួមគ្នា បូករួមទាំងជញ្ជាំងដ្រូនផងដែរ ។
លោក Mitsotakis បានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ ពេលលោកធ្វើដំណើរមកដល់សម្រាប់កិច្ចប្រជុំកំពូល EU នៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក ជាទីដែលក្រុមមេដឹកនាំអឺរ៉ុប នឹងពិភាក្សាលើសំណើរសម្រាប់ជញ្ជាំងដ្រូន ដើម្បីពង្រឹងវិស័យការពារជាតិអឺរ៉ុប ។

លោកថា អស្ថិរភាពភូមិសាស្ត្រនយោបាយសកលកាន់តែទូលំទូលាយ លោកហ៊ាននិយាយថា វាជាភាពបន្ទាន់ពាក់ព័ន្ធនឹងតម្រូវការឲ្យអឺរ៉ុបផ្លាស់ប្តូរពីពាក្យសម្តីទៅជាវិធានការ ក្នុងការបង្កើតការពារអឺរ៉ុបបង្រួបបង្រួម ។
កាលពីថ្ងៃពុធម្សិលមិញ ក្រុមមេដឹកនាំសហភាពអឺរ៉ុប បានរួមគ្នាគាំទ្រផែនការជញ្ជាំងដ្រូន ដើម្បីពង្រឹងវិស័យការពាររបស់ប្លុកមួយនេះ ប្រឆាំងនឹងយានដ្រូនរបស់រុស្ស៊ី ខណៈថ្នាក់ដឹកនាំអឺរ៉ុបបានជួបប្រជុំគ្នានៅទីក្រុងCopenhagen រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការបំពានដែនអាកាសដោយយានដ្រូន បង្កការភ្ញាក់ផ្អើលខ្លាំងនៅប្រទេសដាណឺម៉ាក ។
អាជ្ញាធរអ៊ឺរ៉ុប បានចោទរុស្ស៊ីថានៅពីក្រោយការបំពានដែនអាកាសក្នុងតំបន់នេះ រួមទាំងការជ្រៀតចូលថ្មីៗដោយយានដ្រូនរបស់ទីក្រុងមូស្គូលើដែនអាកាសប៉ូឡូញ និងយន្តហោះចម្បាំងលើទឹកដីអេស្តូនី ។
នៅក្នុងសប្តាហ៍នេះដែរ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានកោតសរសើរគំនិតជញ្ជាំងដ្រូនថា ទាន់ពេលវេលា និងចាំបាច់ ៕
