សារព័ត៌មានរដ្ឋ រាយការណ៍ថា រន្ទាបណ្តោះអាសន្នដំឡើងនៅក្នុងព្រះវិហារនៅក្នុងប្រទេសអេត្យូពី បានបាក់សម្លាប់មនុស្សយ៉ាងហោច ៣៦នាក់ និងមនុស្សរាប់រយនាក់ផ្សេងទៀត រងរបួស ។
ឧទ្ទេវហេតុនេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ៤៥នាទីព្រឹកថ្ងៃពុធ នៅទីក្រុង Arerti ស្ថិតក្នុងតំបន់ Amhara ដែលមានចម្ងាយប្រហែល ៧០គ.មភាគខាងកើតរដ្ឋធានី Addis Ababa ។
ក្រុមធម្មយាត្រា បានធ្វើដំណើរទៅកាន់ព្រះវិហារ Menjar Shenkora Arerti Mariam ដើម្បីប្រារព្ធពិធីបុណ្យសាសនា Virgin Mary ពេលដែលរន្ទាបានបាក់ ។
នគរបាលស្រុក Ahmed Gebeyehu និយាយប្រាប់សារព័ត៌មានរដ្ឋ Fana ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៣៦នាក់ ហើយនិងអាចកើនឡើងបន្ថែមទៀត ។
ចំនួនមនុស្សរងរបួសនៅពុំទាន់ដឹងច្បាស់នោះទេ ប៉ុន្តែសេចក្តីរាយការណ៍មួយចំនួនលើកឡើងថា អ្នករងរបួសអាចនឹងកើនឡើងដល់ ២០០នាក់ ។
លោក Atnafu Abate គឺជាមន្រ្តីក្នុងស្រុកមួយរូបនិយាយប្រាប់សារព័ត៌មានអេត្យូពី EBCថា មនុស្សមួយចំនួនបន្តនៅជាប់ក្រោមរន្ទា ប៉ុន្តេលោកពុំបានផ្តល់រឿងរ៉ាវលម្អិតពីប្រតិបត្តិការជួយសង្រ្គោះនោះទេ ៕