នគរបាលនៅអង់គ្លេសនិយាយថា ពួកគេមានជំនឿថា ពួកគេបានបាញ់ប្រហារបុរសម្នាក់ដែលសង្ស័យដេញចាក់បុរសម្នាក់នៅព្រះវិហារ ហើយនិងបើករថយន្តដេញបុកហ្វូងមនុស្សនៅភាគខាងជើងទីក្រុង Manchester នៅក្នុងឧបទ្ទេវហេតុមួយដែលពួកគេចាត់ទុកថា ជាការវាយប្រហារភេរវកម្ម ។

នគរបាលក្រុង Manchester និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា ពួកគេត្រូវបានទូរស័ព្ទហៅឲ្យទៅកាន់វិហារ Heaton Park Hebrew Congregation ស្ថិតក្នុងតំបន់ជាយក្រុង Crumpsall ក្រោយវេលាម៉ោង ៩ និង ៣០ព្រឹក ម៉ោងក្នុងស្រុក ដោយសមាជិកសាធារណៈម្នាក់ដែលនិយាយថា លោកបានឃើញរថយន្តមួយគ្រឿងបើកឆ្ពោះទៅកាន់សមាជិកសាធារណៈ ហើយបុរសម្នាក់ ត្រូវបានគេចាក់ ។
នគរបាលនិយាយថា ការបាញ់ប្រហារត្រូវបានធ្វើឡើងដោយមន្រ្តីប្រដាប់អាវុធ នៅវេលាម៉ោង ៩ និង ៣៨នាទី ហើយបុរសម្នាក់ រងការបាញ់ប្រហារ ។
នៅវេលាម៉ោង ៩ និង ៤១នាទី គ្រូពេទ្យបានទៅដល់កន្លែងកើតហេតុ និងឃើញសមាជិកសាធារណៈ ៤នាក់ រងរបួស បណ្តាលមកពីរថយន្តបុក និងរបួសដោយសារការចាក់ ។
ក្រោយឧបទ្ទេវហេតុនេះ កើតឡើង មន្រ្តីអង់គ្លេសមួយរូប និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា លោកនាយករដ្ឋមន្រ្តី Keir Starmer នឹងឆាប់វិលត្រឡប់ពីកិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុបនៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក ៕
