ព្យុះកំណាច Imeldaបានធ្វើដំណើរឆ្លងកាត់កោះ Bermuda ដែនដីរបស់អង់គ្លេស ជាមួយនឹងខ្យល់បក់ខ្លាំង ធ្វើឲ្យមានរលកសមុទ្រធំៗ និងបង្កជាទឹកជំនន់ដ៏គំហុក ហើយសាលារៀន និងអាកាសយានដ្ឋាន ត្រូវបានបិទទ្វារ ។
យោងតាមការអះអាងរបស់សេវាកម្មឧតុនិយមជាតិនៅទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក បានឲ្យដឹងថា ព្យុះកំណាចកម្រិតទី ២នេះ បានវាយប្រហារដែនដី Bermuda កាលពីយប់ថ្ងៃពុធជាមួយនឹងកម្លាំងខ្យល់បក់ ១៦១គ.ម ក្នុង ១ម៉ោង ។

ព្យុះមួយនេះ ស្ថិតនៅចម្ងាយប្រហែល ៣២គ.មភាគនិរតីដែនដី Bermuda ដោយធ្វើដំណើរទៅទិសឦសាន ។
សេវាកម្មឧតុនិយមជាតិអាមេរិក និយាយនៅក្នុងសារបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម Xថា រលកសមុទ្រដ៏គ្រោះថ្នាក់ និងទឹកជំនន់ដ៏គំហុក ត្រូវបានគេរំពឹងថា នឹងកើតមានជាបន្តបន្ទាប់ ។
គួរឲ្យដឹងថា ព្យុះ Imelda បានបង្កើនកម្លាំងយ៉ាងឆាប់រហ័ស ក្រោយពេលកកើតជាព្យុះត្រូពិកនៅពីលើប្រទេសបាហាម៉ាសកាលពីរសៀលថ្ងៃអាទិត្យ ។
វាបានបង្កើនកម្លាំងជាព្យុះកំណាចកាលពីយប់ថ្ងៃចន្ទ ក្រោយបោកបក់ឆ្លងកាត់បាហាម៉ាស និងតំបន់ឆ្នេរភាគខាងកើតរដ្ឋ Florida ដោយនាំមកជាមួយភ្លៀងធ្លាក់ខ្លាំង និងធ្វើឲ្យមានការព្រមានពីព្យុះត្រូពិក នៅទូទាំងតំបន់ភាគកណ្តាល និងតំបន់ភាគពាយ័ព្យបាហាម៉ាស ៕
