នគរបាលអង់គ្លេស និយាយថា ពួកគេបានបាញ់ប្រហារជនសង្ស័យម្នាក់ នៅក្នុងការវាយប្រហារជិតព្រះវិហារ ស្ថិតនៅក្នុងទីក្រុង Manchester ដែលបណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងការវាយប្រហារមួយដែលពួកគេគិតថាជា អំពើភេរវកម្ម ។
នគរបាលបញ្ជាក់ថា មនុស្ស ២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ ហើយមនុស្សទី ៣ ដែលគេសង្ស័យថាជាជនល្មើសត្រូវបានបាញ់ប្រហារដោយនគរបាល ត្រូវបានគេមានជំនឿថា បានសម្លាប់ផងដែរ ។

នគរបាលក្រុង Manchester និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា ពួកគេត្រូវបានទូរស័ព្ទហៅឲ្យទៅកាន់វិហារ Heaton Park Hebrew Congregation ស្ថិតក្នុងតំបន់ជាយក្រុង Crumpsall ក្រោយវេលាម៉ោង ៩ និង ៣០ព្រឹក ម៉ោងក្នុងស្រុក ដោយសមាជិកសាធារណៈម្នាក់ដែលនិយាយថា លោកបានឃើញរថយន្តមួយគ្រឿងបើកឆ្ពោះទៅកាន់សមាជិកសាធារណៈ ហើយបុរសម្នាក់ ត្រូវបានគេចាក់ ។
នគរបាលនិយាយថា ការបាញ់ប្រហារត្រូវបានធ្វើឡើងដោយមន្រ្តីប្រដាប់អាវុធ នៅវេលាម៉ោង ៩ និង ៣៨នាទី ហើយបុរសម្នាក់ រងការបាញ់ប្រហារ ។
នៅវេលាម៉ោង ៩ និង ៤១នាទី គ្រូពេទ្យបានទៅដល់កន្លែងកើតហេតុ និងឃើញសមាជិកសាធារណៈ ៤នាក់ រងរបួស បណ្តាលមកពីរថយន្តបុក និងរបួសដោយសារការចាក់ ។
ក្រោយឧបទ្ទេវហេតុនេះ កើតឡើង មន្រ្តីអង់គ្លេសមួយរូប និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា លោកនាយករដ្ឋមន្រ្តី Keir Starmer នឹងឆាប់វិលត្រឡប់ពីកិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុបនៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក ៕
