អ៊ីស្រាអែល និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេនឹងនិរទេសកម្មជនអឺរ៉ុបគាំទ្រប៉ាឡេស្ទីននៅលើកងនាវាដឹកជំនួយឆ្ពោះទៅកាន់តំបន់ហ្កាហ្សា ស្របពេលដែលកងទ័ពជើងទឹកអ៊ីស្រាអែលស្កាត់នាវារបស់ពួកគេ នៅក្នុងសមុទ្រមេឌីទែរ៉ាណេ ។
កងនាវា Global Sumud Flotilla ដែលមាននាវាប្រហែល ៤៥គ្រឿង បានចាប់ផ្តើមការធ្វើដំណើររបស់ពួកគេទៅកាន់តំបន់ហ្កាហ្សា កាលពីខែមុន ជាមួយអ្នកនយោបាយ និងសកម្មជន រួមទាំងអ្នកចុះយុទ្ធនាការអាកាសធាតុស៊ុយអែតនាង Greta Thunberg ផងដែរ ដោយមានគោលដៅទម្លុះការឡោមព័ទ្ធរបស់អ៊ីស្រាអែលលើដែនដីប៉ាឡេស្ទីនមួយនេះ ជាទីដែលអង្គការសហប្រជាជាតិ(UN) និយាយថា គ្រោះទុរ្ភិក្ស បានចាប់ផ្តើមកើតមាន ។
កងកម្លាំងអ៊ីស្រាអែលបានឡើងលើទូកជាច្រើនគ្រឿងជាមួយសកម្មជនបរទេសដែលកំពុងដឹកជំនួយចូលទៅកាន់តំបន់ហ្កាហ្សា ហើយបាននាំពួកគេទៅកាន់កំពង់ផែអ៊ីស្រាអែលកាលពីថ្ងៃពុធ ដោយបានបង្អាក់ដល់ការតវ៉ាដែលបានក្លាយជាសញ្ញាដ៏ល្បីបំផុតមួយនៃការប្រឆាំងទៅនឹងការបិទផ្លូវនៅតំបន់ហ៊ុមព័ទ្ធរបស់អ៊ីស្រាអែល ។
វីដេអូមួយពីក្រសួងការបរទេសអ៊ីស្រាអែលដែលត្រូវបានផ្ទៀងផ្ទាត់ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញភាពលេចធ្លោបំផុតនៃអ្នកដំណើរនៅលើកងនាវាដឹកជំនួយ ក្នុងនោះនាង Thunberg កំពុងអង្គុយនៅលើនាវាដែលហ៊ុព័ទ្ធដោយទាហាន ។
ខណៈពេលនោះដែរ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Anwar Ibrahim និងនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Shebaz Sharif បានធ្វើការថ្កោលទោសអ៊ីស្រាអែលសម្រាប់ការស្កាត់កងនាវា Global Sumud Flotilla នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយក្រុមអ្នករៀបចំកងនាវា និយាយថា កងកម្លាំងអ៊ីស្រាអែលបានបញ្ឈប់ទូករបស់ពួកគេ ១៤គ្រឿង ដឹកសកម្មជនបរទេស និងជំនួយធ្វើដំណើរទៅកាន់តំបន់ហ្កាហ្សា ៕