នៅថ្ងៃព្រហស្បតិ៍នេះ ព្យុះត្រូពិក Matmo បានបោកបក់យឺតៗឆ្ពោះទៅកាន់ប្រទេសហ្វីលីពីន និងអាចបង្កើនកម្លាំងជាព្យុះទីហ្វុងតាមផ្លូវដែលគំរាមកំហែងដល់តំបន់ភាគខាងត្បូងប្រទេសចិននៅចុងសប្តាហ៍នេះ រយៈពេល ១សប្តាហ៍ប៉ុណ្ណោះ ក្រោយតំបន់រងការវាយប្រហារដោយសារព្យុះ Ragasa ដែលស្ថិតនៅក្នុងចំណោមព្យុះដ៏ខ្លាំងក្លាបំផុតវាយប្រហារអាស៊ី ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។
យោងតាមការអង្កេតរបស់ទីក្រុងហុងកុងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ព្យុះ Matmo ដែលមានកម្លាំងខ្យល់បក់ ៦៥គ.មក្នុង ១ម៉ោង ត្រូវបានគេព្យាករថា នឹងធ្វើដំណើរទៅកាន់ទិសពាយ័ព្យឈៀងខាងលិច ឆ្ពោះទៅកាន់តំបន់ Luzon ដែលជាតំបន់មានមនុស្សរស់នៅច្រើនបំផុតរបស់ហ្វីលីពីន ។
តំបន់ភាគកណ្តាលហ្វីលីពីន កំពុងប្រឈមរួចទៅហើយដោយសារការរញ្ជួយដីដែលបានសម្លាប់មនុស្សរាប់សិបនាក់ ។
ទីភ្នាក់ងារឧតុនិយមហ្វីលីពីន និយាយថា វាអាចនឹងបោកបក់ដល់ដីគោកនៅខេត្តភាគខាងត្បូង Isabela ឬខេត្តភាគខាងជើង Aurora នៅថ្ងៃសុក្រស្អែកនេះ ហើយត្រូវបានគេរំពឹងទុកផងដែរថា នឹងបោកបក់ឆ្លងកាត់តំបន់ភាគខាងជើងកោះ Luzon ។
ពួកគេបានព្រមានពីហានិភ័យនៃការកញ្រ្ជោលឡើងរបស់ព្យុះគំរាមកំហែងដល់អាយុជីវិតមនុស្ស ក្នុងរយៈពេល ៣៦ម៉ោងក្រោយ នៅតាមតំបន់វាលទំនាបមួយចំនួន ហើយការធ្វើដំណើរតាមសមុទ្រក្លាយជាហានិភ័យសម្រាប់នាវាគ្រប់ប្រភេទទាំងអស់ ជាទីដែលគេរំពឹថាព្យុះនឹងទៅដល់ ៕