លោក Alhadji Madou Goni បានធ្វើដំណើរទៅមើលផ្នូរកូនប្រុសអាយុ ៩ខែ Mohamat របស់លោក ស្ថិតនៅតំបន់ភាគខាងជើងប្រទេសកាមរូន ។
ត្រឹមអាយុ ៩ខែប៉ុណ្ណោះ ការស្លាប់របស់កូនប្រុសលោក Goni បង្ហាញពីការកើនឡើងករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ក្នុងឆ្នាំនេះ ដែលក្រុមមន្រ្តីសុខភាពក្នុងស្រុកនិយាយថា វារួមចំណែកបណ្តាលមកពីការកាត់ផ្តាច់ជំនួយបរទេសរបស់សហរដ្ឋអាមេរិក ។
មុនពេលកាត់ផ្តាច់ជំនួយ ក្មេងប្រុស Mohamat អាចនឹងត្រូវបានធ្វើរោគវិនិច្ឆ័យដោយក្រុមមន្រ្តីសុខភាពផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក ឬទទួលបានការព្យាបាលនៅមណ្ឌលសុខភាព ដោយប្រើប្រាស់ថ្នាំពេទ្យសង្រ្គោះជីវិត សម្រាប់ករណីជំងឺគ្រុនចាញ់ធ្ងន់ធ្ងរដែលចំណាយដោយមូលនិធិសហរដ្ឋអាមេរិក ។
ប៉ុន្តែបច្ចុប្បន្ន ថ្នាំពេទ្យខ្វះការផ្គត់ផ្គង់ ហើយពេលដែលក្មេងប្រុសមកដល់មណ្ឌលសុខភាព ក្រោយកើតមានជំងឺគ្រុនក្តៅធ្ងន់ធ្ងររយៈពេល ៣ថ្ងៃ មណ្ឌលសុខភាពលែងមានថ្នាំផ្តល់ជូនក្មេងប្រុសទៀតហើយ ។ ក្មេងប្រុស Mohamat ក៏បានស្លាប់នៅថ្ងៃនោះ ។ លោក Goni និយាយថា លោកមិនចង់ឲ្យនរណាម្នាក់កើតជំងឺគ្រុនចាញ់នោះទេ ។
ក្រុមការងារទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានធ្វើដំណើរទៅកាន់តំបន់ភាគខាងជើងកាមរូន ដើម្បីចងក្រងឯកសារពាក់ព័ន្ធនឹងផលប៉ះពាល់នៃការកាត់ផ្តាច់ជំនួយសហរដ្ឋអាមេរិកលើការព្យាបាលជំងឺគ្រុនចាញ់ ការព្យាបាលពុំគ្រប់គ្រាន់ ហើយនិងចំនួនកើនឡើងករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ ។
ពួកគេបានធ្វើបទសម្ភាសន៍ជាមួយគ្រូពេទ្យជាង ២០នាក់ គិលានុបដ្ឋាយិកា ក្រុមការងារសុខភាពសហគមន៍ អ្នកស្រុក និងអតីតមន្រ្តីសហរដ្ឋអាមេរិកដែលជាប់ពាក់ព័ន្ធនឹងកម្មវិធីជំងឺគ្រុនចាញ់ ។
សូមបញ្ជាក់ថា អស់រយៈពេលជិត ១ទសវត្សរ៍មកហើយដែលសហរដ្ឋអាមេរិកបានដើរតួយ៉ាងសំខាន់នៅក្នុងការឆ្លើយតបចំពោះជំងឺគ្រុនចាញ់នៅតំបន់ភាគខាងជើងកាមរូន ៕