អាជ្ញាធរហ្វីលីពីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២ តុលា) ថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅក្នុងខេត្ត Cebu ដែលរងគ្រោះដោយគ្រោះរញ្ជួយដី បានបញ្ចប់ហើយ ដោយបញ្ជាក់តួលេខអ្នកស្លាប់សរុបបច្ចុប្បន្ននៅត្រឹមចំនួន ៧២នាក់ ហើយមិនត្រូវបានគេរំពឹងថានឹងកើនឡើងច្រើននោះទេ ខណៈអ្នកបាត់ខ្លួនក៏ត្រូវបានរកឃើញអស់ដែរ។
ឥឡូវនេះ ការយកចិត្តទុកដាក់បានងាកទៅរកការផ្តល់ជំនួយសម្រាលបន្ទុកដល់អ្នករួចជីវិត និងអ្នកជម្លៀសខ្លួនពីរញ្ជួយដីកម្រិត ៦,៩រ៉ិចទ័រ ដែលជាមហន្តរាយដ៏អាក្រក់បំផុតរបស់ប្រទេសនេះក្នុងពេលជាងមួយទសវត្សរ៍។ ចំណុចកណ្ដាលនៃរញ្ជួយចេញពីកណ្តាលកោះ Cebu កាលពីល្ងាចថ្ងៃអង្គារកន្លងទៅ ដែលបណ្តាលឱ្យមនុស្សជាង ២ម៉ឺននាក់ ត្រូវរត់ជម្លៀសខ្លួនទៅទីសុវត្ថិភាព ខណៈមនុស្សជាង ៣០០នាក់ បានរងរបួស។
នៅថ្ងៃព្រហស្បតិ៍ដដែលនោះ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានចុះទៅកាន់ទីក្រុង Bogo មានប្រជាជនប្រហែល ៩ម៉ឺននាក់ ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយបានធានាប្រាប់អ្នកជម្លៀសរឿងកិច្ចការសម្រាលបន្ទុក និងលើកឡើងថា ប្រតិបត្តិការសង្គ្រោះមានភាពស្មុគស្មាញ ដោយសារការខូចខាតយ៉ាងទូលំទូលាយដល់ហេដ្ឋារចនាសម្ព័ន្ធ។
ជនរងគ្រោះជាច្រើនបានស្លាប់នៅពេលដែលអគារ និងផ្ទះសម្បែងដួលរលំ - ទាំងដោយសាររញ្ជួយដី ឬបំណាក់ដីក្រោយរញ្ជួយ- ហើយភ្លៀងធ្លាក់ខ្លាំង និងការដាច់អគ្គិសនីក៏បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះផងដែរ។ ហ្វីលីពីន ស្ថិតលើ "តំបន់កងភ្លើង" នៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលងាយនឹងមានគ្រោះរញ្ជួយដីណាស់ ដោយលាតសន្ធឹងពីអាមេរិកខាងត្បូងរហូតដល់ចុងបូព៌ារុស្ស៊ី។ ហ្វីលីពីន ជួបប្រទះការរញ្ជួយដីច្រើនជាង ៨០០ដង ក្នុងមួយឆ្នាំៗ៕