ក្រុមអាជ្ញាធរគ្រោះមហន្តរាយបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះកំពុងប្រជែងពេលវេលាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីតាមស្វែងរកក្មេងជំទង់ប្រហែល៦០ នាក់ដែលជាប់នៅក្រោមគំនរកម្ទេចថ្មនៃសាលាបង្រៀនសាសនាអ៊ីស្លាមមួយ ដែលបានបាក់រលំកាលពីដើមសប្តាហ៍នេះព្រោះគ្រឹះអគារមិនរឹងមាំ។
សាលា Al Khoziny ដែលមានទីតាំងនៅក្រុង Sidoarjo របស់ខេត្តជ្វាខាងកើត ចម្ងាយប្រហែល ៤៨០ម៉ាយភាគខាងកើតពីរដ្ឋធានី Jakarta បានបាក់រលំនៅពេលដែលគ្រឹះរបស់អគារនេះមិនអាចទ្រទ្រង់ការងារសំណង់ដែលកំពុងបន្តនៅជាន់ខាងលើបាន ដោយបានបាក់សង្កត់លើសិស្សរាប់សិបនាក់ដែលកំពុងធ្វើពិធីបួងសួង កប់ពួកគេនៅក្រោមគំនរបាក់បែក ហើយអ្នកស្លាប់ឡើងដល់៦នាក់។
ក្តីសង្ឃឹមសម្រាប់សិស្សរាប់សិបនាក់ ដែលបារម្ភថាជាប់ក្នុងគំនរបាក់បែកនៅសាលាបង្រៀនបាក់រលំ បានប្រែក្លាយជាទុក្ខព្រួយដ៏ធ្ងន់ធ្ងរ ខណៈអាជ្ញាធរប្តូរការផ្តោតការយកចិត្តទុកដាក់របស់ពួកគេពីការជួយសង្គ្រោះទៅជាការស្ដារស្ថានភាពឡើងវិញ។
ស្របពេលការបាត់ខ្លួននៅតែមិនទាន់បានរកឃើញនៅឡើយរហូតដល់ចុងសប្ដាហ៍នេះ ឪពុកម្តាយកាន់តែអស់សង្ឃឹមខ្លាំង។ កាលពីល្ងាចថ្ងៃពុធ ១ តុលា លោក Yudhi Bramantyo នាយកប្រតិបត្តិការនៅទីភ្នាក់ងារជួយសង្គ្រោះរបស់ឥណ្ឌូនេស៊ី បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះក៏បានទាញអ្នកនៅរស់រានមានជីវិតចំនួន ៥ នាក់ផងដែរ។
សមាជិកគ្រួសារដែលបានស្នាក់នៅកន្លែងកើតហេតុតាំងពីថ្ងៃចន្ទដើមសប្ដាហ៍នេះ នៅពេលអគារបាក់រលំ បានតម្រង់ជួរនៅជំរំតង់កាលពីថ្ងៃព្រហស្បតិ៍ដើម្បីផ្តល់គំរូ DNA ក្នុងក្តីសង្ឃឹមថាកំណត់អត្តសញ្ញាណមនុស្សជាទីស្រលាញ់របស់ពួកគេ ៕