ភាពតានតឹងយ៉ាងកម្របានកើតមានឡើង ដោយនគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកដាក់លើក្រុមបាតុករនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីល្ងាចថ្ងៃព្រហស្បតិ៍ (២ តុលា) ខណៈពួកគេប្រមូលផ្ដុំគ្នាដើរក្បួនតវ៉ាដើម្បីគាំទ្រកងនាវាជំនួយស៊ីវិលអន្តរជាតិ ដែលធ្វើដំណើរទៅតំបន់ហ្កាហ្សា នេះបើយោងតាមសាក្សីឃើញហេតុការណ៍ បានប្រាប់សារព័ត៌មានរ៉យទ័រ និងការបញ្ជាក់ពីនគរបាលស្វីស។
អ្នកចូលរួមក្នុងការតវ៉ាបាននិយាយដោយពណ៌នាពីអារម្មណ៍ខឹងសម្បារ និងតានតឹងថា៖ «គ្រប់គ្នាបានដកថយ ហើយភ្លាមៗនោះមានឧស្ម័នយ៉ាងខ្មួលខ្មាញ់ត្រូវបាញ់ដាក់បាតុករ»។ អ្នកក្រុងហ្សឺណែវមួយចំនួនទៀត បាននិយាយថា ផ្សែងពណ៌សយ៉ាងធំសម្បើមនៃឧស្ម័នបង្ហូរទឹកភ្នែកបានហុយចេញពីផ្លូវ ដែលពោរពេញទៅដោយក្រុមអ្នកតវ៉ា។
លោក Alexandre Brahier អ្នកនាំពាក្យនគរបាលក្រុងហ្សឺណែវ បាននិយាយថា មនុស្សប្រហែល ៣ពាន់នាក់ ដែលភាគច្រើនជាមនុស្សពេញវ័យ និងយុវជន បានចូលរួមការតវ៉ានេះ។ លោកបន្តថា៖ «នគរបាលចាំបាច់ត្រូវប្រើវិធានការគ្រប់គ្រង រួមទាំងឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក» ដោយបន្ថែមថា ក្រុមអ្នកតវ៉ាមិនបានកាន់អាវុធគ្រោះថ្នាក់ទេ ប៉ុន្តែបាន «គប់វត្ថុផ្សេងៗ» បណ្ដាលឱ្យមានការខូចខាតទ្រព្យសម្បត្តិមួយចំនួន។
ការប្រឈមមុខដាក់គ្នាបែបនេះគឺកម្រមានណាស់សម្រាប់ប្រទេសស្វីស ទោះបីជាការតវ៉ាគាំទ្រតំបន់ហ្កាហ្សា បាននិងកំពុងប្រមូលផ្តុំសន្ទុះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ។ បាតុកម្មចុងក្រោយនេះបានកើតឡើងបន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បានស្កាត់ទូកប្រហែល ៤០គ្រឿងដែលដឹកជំនួយ និងសកម្មជនបរទេសជាង ៤០០នាក់ រួមទាំងជនជាតិស្វីសមួយចំនួន ដែលកំពុងដឹកគ្រឿងផ្គត់ផ្គង់ទៅកាន់តំបន់សង្រ្គាមហ្កាហ្សា៕