ប្រភពនៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងបេរូត បាននិយាយថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានអនុម័តកញ្ចប់ទឹកប្រាក់ចំនួន ២៣០លានដុល្លារ សម្រាប់កងកម្លាំងសន្តិសុខលីបង់ ក្នុងសប្តាហ៍នេះ ខណៈភាគីទាំងពីរប្រឹងប្រែងជំរុញឱ្យរំសាយអាវុធពីក្រុមសកម្មប្រយុទ្ធហេសបូឡា។
ប្រភពលីបង់ដែលដឹងពីការសម្រេចចិត្តនេះបាននិយាយថា ការផ្តល់មូលនិធិរួមមាន ១៩០លានដុល្លារ សម្រាប់កងកម្លាំងប្រដាប់អាវុធលីបង់ និង ៤០លានដុល្លារ សម្រាប់កងកម្លាំងសន្តិសុខផ្ទៃក្នុង។
ក្រុមជំនួយការសភាអាមេរិក ខាងបក្សប្រជាធិបតេយ្យនិយាយថា មូលនិធិត្រូវបញ្ចេញមុនឆ្នាំសារពើពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន ដែលបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា។ កញ្ចប់មូលនិធិនេះត្រូវបញ្ចេញ នៅពេលដែលរដ្ឋបាលអាមេរិក បាននឹងកំពុងកាត់បន្ថយកម្មវិធីជំនួយបរទេសជាច្រើន ដោយនិយាយថា អាទិភាពរបស់ខ្លួនគឺយកអាមេរិកជាធំ។ មូលនិធិនេះក៏បង្ហាញពីអាទិភាពដែលលោក Trump បានដាក់លើកិច្ចប្រឹងប្រែងដោះស្រាយជម្លោះតំបន់ហ្កាហ្សា និងមជ្ឈិមបូព៌ាកាន់តែទូលំទូលាយ។
ជម្លោះរវាងអ៊ីស្រាអែល និងលីបង់ ដែលបានចាប់ផ្តើមកាលពីមួយឆ្នាំមុន បានបំបាក់កម្លាំងក្រុមហេសបូឡា និងបានធ្វើឱ្យផ្នែកភាគច្រើននៃប្រទេសលីបង់ ត្រូវរងការបំផ្លិចបំផ្លាញ ខណៈកិច្ចប្រឹងប្រែងដកអាវុធពីក្រុមហេសបូឡា កាន់តែមានសន្ទុះ។ ក្រុមសកម្មប្រយុទ្ធមួយនេះបានបដិសេធម្ដងហើយម្ដងទៀតថានឹងមិនទម្លាក់អាវុធឡើយ ចាប់តាំងពីសង្គ្រាមដ៏បំផ្លិចបំផ្លាញជាមួយអ៊ីស្រាអែលមក៕