ប្រទេសជប៉ុន មានឱកាសដ៏ខ្ពស់មួយក្នុងការមើលឃើញនាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ខ្លួន ឬក៏អាចមានមេដឹកនាំវ័យក្មេងបំផុតរបស់ប្រទេសនៅក្នុងសម័យទំនើប បន្ទាប់ពីការបោះឆ្នោតនៅថ្ងៃសៅរ៍ (៤ តុលា) ស្អែកនេះ ដើម្បីជ្រើសរើសមេដឹកនាំថ្មីនៃគណបក្សកាន់អំណាចរបស់ជប៉ុន។
បេក្ខភាពនាំមុខក្នុងការបោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលមានសក្តានុពលជាប្រវត្តិសាស្ត្រ គឺជាអ្នកជាតិនិយម-អភិរក្សនិយម លោកស្រី Sanae Takaichi វ័យ ៦៤ឆ្នាំ និងគូប្រជែងរបស់ខ្លួន ដែលជាអ្នកនយោបាយប្រកាន់ជំហរកណ្ដាល លោក Shinjiro Koizumi វ័យ ៤៤ឆ្នាំ។ ការស្ទង់មតិបង្ហាញថា រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន លោក Yoshimasa Hayashi វ័យ ៦៤ឆ្នាំ ក៏អាចជាបេក្ខភាពលេចធ្លោក្នុងការបោះឆ្នោតផងដែរ។
អ្នកនយោបាយទាំងបីរូបនេះគឺស្ថិតក្នុងចំណោមបេក្ខភាព ៥នាក់ ដែលកំពុងប្រជែងគ្នាដើម្បីជំនួសកៅអីលោកនាយករដ្ឋមន្ត្រី Shigeru Ishiba ដែលកំពុងចុះពីតំណែង បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតជាបន្តបន្ទាប់។ បេក្ខជនរបស់បក្ស LDP នឹងត្រូវប្រឈមមុខនឹងការបោះឆ្នោតជុំទីពីរ ប្រសិនបើគ្មានអ្នកឈ្នះជុំទីមួយនៅថ្ងៃសៅរ៍ទេនោះ។ អ្នកនយោបាយរូបណាក៏ដោយដែលឈ្នះការបោះឆ្នោតថ្ងៃសៅរ៍ នឹងទទួលបន្ទុកលើវិបត្តិក្នុងបក្ស និងសេដ្ឋកិច្ចធ្លាក់ចុះ។
គួរឱ្យដឹងថា មេដឹកនាំថ្មីរបស់គណបក្សប្រជាធិបតេយ្យសេរី LDP ទំនងអាចក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ជប៉ុន ដោយសារបក្សនេះគឺជាក្រុមធំជាងគេនៅក្នុងសភា ប៉ុន្តែក៏នៅតែមិនប្រាកដដែរ ព្រោះបក្សដែលគ្រប់គ្រងជប៉ុនស្ទើរតែគ្រប់សម័យកាលក្រោយសង្គ្រាមមួយនេះ បានបាត់បង់សំឡេងភាគច្រើនទៅហើយនៅក្នុងសភាទាំងពីរ៕