វ៉ូវីណាម៖ កីឡាករ អេ វីរៈខាំឈិត ភូថង កូនប្រុសបង្កើតអតីតជើងខ្លាំងប្រដាល់គុនខ្មែរលោក អេ ភូថង បានសម្រេចផ្អាកហ្វឹកហាត់គុនខ្មែរ ដោយផ្ដោតការហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកីឡាវ៉ូវីណាមកម្ពុជា ដើម្បីឈានទៅដណ្ដើមមេដាយមាសស៊ីហ្គេមជូនជាតិ ពិសេសស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
ក្រោយដណ្ដើមបានមេដាយមាសជើងឯកថ្នាក់ជាតិកាលពីថ្មីៗ អេ វីរៈខាំឈិត ភូថង បានសម្ដែងនូវការសប្បាយចិត្តដែលការប្រកួតប្រចាំឆ្នាំមួយនេះបានត្រឡប់មកវិញ បន្ទាប់ពីស្ថានភាពធូរស្រាល។ អ្វីដែលសំខាន់រូបគេកំពុងផ្ដោតការហ្វឹកហាត់ខ្លាំងជាមួយក្រុមជម្រើសជាតិកីឡាវ៉ូវីណាមកម្ពុជា ដើម្បីត្រៀមស៊ីហ្គេមលើកទី៣១ នៅវៀតណាមផង និងស៊ីហ្គេមលើកទី៣២ នៅកម្ពុជាផង។ កូនប្រុសទី២ លោក អេ ភូថង រូបនេះបន្ដថា ដោយសារខ្លួនចូលចិត្តក្បាច់គុនវ៉ូវីណាម និងមានមហិច្ឆតាចង់ដណ្ដើមមេដាយមាសកីឡាស៊ីហ្គេមជូនជាតិផង ខ្លួនក៏សម្រេចផ្អាកហ្វឹកហាត់ និងប្រកួតកីឡាគុនខ្មែរមួយរយៈពេលធំៗ ដើម្បីពង្រឹងសមត្ថភាពជាមួយប្រភេទកីឡាដ៏មានសក្ដានុពលនេះ ហើយអាចចប់ស៊ីហ្គេមឆ្នាំ២០២៣ ទើបគេអាចនឹងត្រឡប់ឡើងសង្វៀនប្រដាល់គុនខ្មែរវិញ។
សូមរំឭកថា អេ វីរៈខាំឈិត ភូថង បានចាប់ផ្ដើមអាជីពកីឡាតាំងពីវ័យ ៨ឆ្នាំដោយហ្វឹកហាត់កីឡាគុនខ្មែរបន្ដពីឪពុករបស់ខ្លួនរហូតដល់ឆ្នាំ២០១៥ រូបគេក៏បានចូលហ្វឹកហាត់កីឡាប្រដាល់សកល តែដល់ឆ្នាំ២០១៨ រូបគេក៏ផ្អាកហ្វឹកហាត់កីឡា ១ឆ្នាំ។ បន្ទាប់មកនៅឆ្នាំ២០១៩ កីឡាករវ័យ ២១ឆ្នាំរូបនេះក៏ចាប់ផ្ដើមហាត់កីឡាវ៉ូវីណាមមកទល់បច្ចុប្បន្ន អ្វីដែលពិសេសរូបគេក៏ធ្លាប់ដណ្ដើមបានមេដាយមាសកម្រិតពិភពលោកទៀតផង៕
អត្ថបទ៖ លី ឈុនឡា