ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានព្រមានអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ថា ការលុកលុយដោយយានដ្រូនបង្ហាញថារុស្ស៊ីកំពុងសម្លឹងមើលការបង្កើនការឈ្លានពានរបស់ខ្លួន ។
ការព្រមាននេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលនៃក្រុមមេដឹកនាំអឺរ៉ុបមកពីប្រទេសក្រោម ៥០ដែលបានជួបប្រជុំគ្នានៅមជ្ឈមណ្ឌលសន្និសីទនៅទីក្រុង កូប៉ិនហាក (Copenhagen) ក្រោមការរឹតបន្តឹងសន្តិសុខ បន្ទាប់ពីយានដ្រូនអាណមិកបានហោះលើប្រទេសដាណឺម៉ាកកាលពីខែមុន។
ការមើលឃើញយានដ្រូននៅក្នុងប្រទេសដាណឺម៉ាក និងការលុកលុយតាមអាកាសជាច្រើនដោយទីក្រុងមូស្គូក្នុងប្រទេសអេស្តូនី និងប៉ូឡូញ បានបង្កើនក្ដីបារម្ភថា ការទន្ទ្រានរបស់រុស្ស៊ីលើអ៊ុយក្រែនអាចហៀរពាសពេញព្រំដែនអឺរ៉ុប។
លោក Zelenskyy បាននិយាយថា ឧបទ្ទវហេតុយានដ្រូន នាពេលថ្មីៗនេះនៅទូទាំងទ្វីបអឺរ៉ុបគឺជាសញ្ញាច្បាស់លាស់ដែលថាប្រទេសរុស្ស៊ីនៅតែមានអារម្មណ៍ក្លាហានគ្រប់គ្រាន់ក្នុងការធ្វើឱ្យសង្រ្គាមរីកកាន់តែធំ។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទាត់ចោលការចោទប្រកាន់នេះ ប៉ុន្តែបាននិយាយថា រុស្ស៊ីកំពុងតាមដានយ៉ាងដិតដល់នូវការកើនឡើងនៃកម្លាំងយោធារបស់អឺរ៉ុប ដោយបន្ថែមថា ការឆ្លើយតបរបស់ទីក្រុងមូស្គូនឹងទាន់ពេលវេលា និងខ្លាំងក្លា។
លោក Putin បានចោទប្រកាន់អឺរ៉ុបថាបានបង្កភាពច្របូកច្របល់ដើម្បីដោះសារការកើនឡើងនៃការចំណាយយោធា ហើយបាននិយាយថាប្រទេសរុស្ស៊ី មិនបានបង្កការគំរាមកំហែងនោះទេ៕