បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋមកពីគ្រប់ទិសទី នៅបន្តទៅលើកទឹកចិត្តដល់វីរកងទ័ព និងប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ជាមួយនឹងការផ្ដល់នូវគ្រឿងឧបភោគបរិភោគ ម្ហូបអាហារ ទឹកសុទ្ធ និងភេសជ្ជៈជាដើម ដើម្បីបង្ហាញពីកម្លាំងសាមគ្គីជាតិ ក្នុងការការពារបូរណភាពទឹកដី។
ក្នុងពេលនាំយកនូវម្ហូបអាហារ ផ្ដល់ដល់កងទ័ព និងប្រជាពលរដ្ឋនៅភូមិព្រៃចាន់ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ លោកស្រី លី មាន មកពីក្រុងសិរីសោភ័ណ បានលើកឡើង ក្នុងដំណាក់នេះ កម្លាំងសាមគ្គីជាតិខ្មែរ ទាំងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកំពុងពូតដៃគ្នា ក្នុងការការពារទឹកដី ប្រឆាំងនឹងអំពើឈ្លានពាន ។
លោកស្រីបានបន្តថា ក្នុងនាមជាសមរភូមិក្រោយ នៅតែគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល និងបន្តលើកទឹកចិត្តដល់សមរភូមិមុខ មិនបោះបង់គ្នាជាដាច់ខាត ជាមួយនឹងការអំពាវនាវយ៉ាងទទូចដល់សហគមន៍អន្តរជាតិ ជួយដោះស្រាយ ដើម្បីបញ្ចប់នូវបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ។
ក្នុងពេលធ្វើសកម្មភាពសំអាតបរិស្ថាន នៅភូមិព្រៃចាន់ ក្បែរទីតាំងកងទ័ពថៃយកបន្លាលួសព័ទ្ធយកដីខ្មែរ យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាដែលជាអ្នករស់នៅភូមិព្រៃចាន់ បានបង្ហាញនូវការសោកស្ដាយ ចំពោះទង្វើរបស់កងទ័ពថៃ ដែលយកបន្លាលួសមកព័ទ្ធរំលោភទឹកដីកម្ពុជា ។ ពួកគេក៏នៅតែបង្ហាញនូវការព្រួយបារម្ភ ខ្លាចកងទ័ពថៃធ្វើការបាញ់ប្រហារមកលើកងទ័ព និងអ្នកភូមិ ហើយក៏មិនទាន់មានអារម្មណ៍មូល ចង់សិក្សារៀនសូត្រនោះដែរ។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣ ខែតុលានេះ ស្ថានភាពនៅភូមិព្រៃចាន់ ពុំមានព្រឹត្តិការណ៍អ្វី គួរឲ្យកត់សម្គាល់នោះទេ ខណៈដែលកងកម្លាំងកម្ពុជា នៅតែបន្តតាមដាន និងការពារបូរណភាពទឹកដីដោយស្មារតីមុះមុត និងអងអាចក្លាហាន៕ អត្ថបទ បាន សុខរិទ្ធិ






