បាល់ទាត់៖ ការប្រកួតបាល់ទាត់ពានរង្វាន់ទ្វីបអាហ្វ្រិក Africa Cup of Nations នឹងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយប់នេះហើយដែលជាជំនួបរវាងសេណេហ្កាល់ និងបូគីណាហ្វាសូ។ ធ្លាប់ត្រឹមជាជើងឯករងដូចគ្នាមិនដែលស្គាល់ពានជើងឯកឡើយ ក្រុមទាំងពីរនឹងមានមួយឡើងទៅសំរេចក្តីស្រមៃលើកពាន Africa Cup of Nations លើកដំបូងសំរាប់ប្រជាជាតិរបស់ខ្លួន។

សេណេហ្កាល់ឡើងមកដល់វគ្គនេះគឺជាក្រុមលេខ ១ ក្នុងពូល B មុននឹងមកដល់វគ្គ ១៦ក្រុមចុងក្រោយយកឈ្នះកាប់វែរ ២-០ រួចយកឈ្នះអេក្វាទ័រហ្គីណេ ៣-១ នៅវគ្គ ៨ក្រុមចុងក្រោយ។ គ្រូបង្វឹកសេណេហ្កាល់លោក Aliou Cisse និយាយថា យប់នេះនឹងមានការប្រកួតល្អមើល ក្រុមទាំងពីរជាក្រុមដែលពុះពារដូចគ្នាទំរាំមកដល់វគ្គនេះ។ ចំណែកឯបូគីណាហ្វាសូគឺជាក្រុមលេខ ២ នៅក្នុងពូល A ពីក្រោមម្ចាស់ផ្ទះកាមេរូនឡើងមកដល់វគ្គ ១៦ក្រុមចុងក្រោយយកឈ្នះហ្កាបុងដោយបាល់ ១១ម៉ែត្រកាត់សេចក្តី និងយកឈ្នះទុយនេស៊ី ១-០ នៅវគ្គ ៨ក្រុមចុងក្រោយ។ គ្រូបង្វឹកក្រុមបូគីណាហ្វាសូលោក Kamou Malo និយាយថា អ្វីៗនឹងត្រូវផ្លាស់ប្តូរសំរាប់ក្រុមរបស់លោកក្នុងជំនួបរាត្រីនេះ ពីព្រោះសេណេហ្កាល់ជាក្រុមកំពូលមួយនៅអាហ្វ្រិកដែលមានកីឡាករខ្លាំង តែក្រុមរបស់លោកក៏មានខ្សែប្រយុទ្ធមុតស្រួច និងខ្សែការពាររឹងមាំផងដែរ។
រំលឹកដែរថា បូគីណាហ្វាសូធ្លាប់ឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ៣លើក និងឡើងដល់វគ្គផ្តាច់ព្រ័ត្រមួយលើកនៅឆ្នាំ២០១៣ ដោយនៅពេលនោះចាញ់នីហ្សេរីយ៉ានៅវគ្គផ្តាច់ព្រ័ត្រ។ ចំណែកឯសេណេហ្កាល់ធ្លាប់ឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រាំលើក និងធ្លាប់ជាជើងឯករង ២លើកនៅឆ្នាំ២០០២ និងចុងក្រោយឆ្នាំ២០១៩ ចាញ់អាល់ហ្សេរីនៅវគ្គផ្តាច់ព្រ័ត្រ៕
អត្ថបទ៖នាង សុភាវុធ