រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែតុលាថា ទីក្រុងគែរកំពុងធ្វើការជាមួយប្រទេសកាតា និងប្រទេសទួរគី ដើម្បីបញ្ចុះបញ្ចូលក្រុមហាម៉ាសឱ្យទទួលយកផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដើម្បីបញ្ចប់សង្រ្គាមរយៈពេលជិតពីរឆ្នាំនៅតំបន់ហ្កាហ្សា ហើយបានព្រមានថាជម្លោះនឹងរីកធំប្រសិនបើក្រុមសកម្មប្រយុទ្ធនេះបដិសេធ។
ថ្លែងនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៅទីក្រុងប៉ារីស ប្រទេសបារាំង លោក Badr Abdelatty បាននិយាយថា វាច្បាស់ណាស់ថាក្រុមហាម៉ាសត្រូវតែទម្លាក់អាវុធ ហើយអ៊ីស្រាអែលមិនគួររកលេសដើម្បីបន្តការវាយលុករបស់ខ្លួននៅតំបន់ហ្កាហ្សានោះទេ។
លោកបាននិយាយថា «សូមកុំផ្តល់លេសណាមួយដើម្បីប្រើប្រាស់ក្រុមហាម៉ាសជាលេសសម្រាប់ការសម្លាប់ជនស៊ីវិលជារៀងរាល់ថ្ងៃ។ អ្វីដែលកើតឡើងហួសពីថ្ងៃទី ៧ ខែតុលា» ដោយលោកបាននិយាយសំដៅទៅលើការវាយប្រហារឆ្នាំ២០២៣របស់ក្រុមអ៊ីស្លាមនិយមទៅលើអ៊ីស្រាអែល ដែលមនុស្ស ១.២០០នាក់បានស្លាប់ និងជាង២០០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ។
អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ការវាយលុករបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៦៦.០០០នាក់នៅក្នុងតំបន់ហ្គាហ្សា។ លោក Abdelatty បាននិយាយថា «វាហួសពីការសងសឹកទៅហើយ។ នេះគឺជាការបោសសម្អាតជនជាតិភាគតិច និងអំពើប្រល័យពូជសាសន៍។
សេតវិមានបានបង្ហាញកាលពីដើមសប្តាហ៍ នូវឯកសារ២០ចំណុចដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ការដោះដូរចំណាប់ថ្នូរដែលក្រុមហាម៉ាសបានចាប់ឃុំខ្លួនជាថ្នូរទៅនឹងអ្នកទោសប៉ាឡេស្ទីនដែលអ៊ីស្រាអែលឃុំឃាំង ដកកងទ័ពអ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សា ការរំសាយអាវុធរបស់ក្រុមហាម៉ាស និងចំណុចផ្សេងៗទៀត។