អង្គការសហប្រជាជាតិ បាននិយាយថា មនុស្សយ៉ាងហោចណាស់៩១នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុង el-Fasher ដែលត្រូវបានហ៊ុមព័ទ្ធនៅប្រទេសស៊ូដង់ក្នុងការវាយប្រហារដោយកងកម្លាំងគាំទ្ររហ័ស(RSF) ក្នុងរយៈពេល១០ថ្ងៃ កាលពីខែមុននេះ។
ការវាយប្រហារ បានកើតឡើងអំឡុងពេលការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងរវាងកងកម្លាំង RSF និងកងទ័ពស៊ូដង់នៅជុំវិញទីក្រុង ដែលជាមជ្ឈមណ្ឌលទីក្រុងធំបំផុតនៅក្នុងតំបន់ Darfur ដែលនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់យោធា និងសម្ព័ន្ធមិត្ត ដែលត្រូវបានគេស្គាល់ថាជាកងកម្លាំងរួម។
ទីក្រុង El-Fasher ជារដ្ឋធានីនៃរដ្ឋ North Darfur បានស្ថិតនៅក្រោមការហ៊ុមព័ទ្ធរយៈពេលជាងមួយឆ្នាំ មកហើយដោយកងកម្លាំងគាំទ្ររហ័ស(RSF) ដែលបានបើកការវាយលុកជាថ្មីលើទីក្រុងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបង្កើនការព្រួយបារម្ភនៃអំពើឃោរឃៅដែលអាចកើតមាន។
ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សង្កាត់ Daraja Oula របស់ទីក្រុង ត្រូវបានវាយប្រហារម្តងហើយម្តងទៀត និងទទួលរងនូវការបាញ់ផ្លោងកាំភ្លើងធំរបស់កងកម្លាំង RSF ការវាយប្រហារដោយយានដ្រូន។
លោកបានអំពាវនាវឲ្យមានវិធានការជាបន្ទាន់ដើម្បីការពារ«ការវាយប្រហារទ្រង់ទ្រាយធំដែលជំរុញដោយជនជាតិភាគតិចនិងអំពើឃោរឃៅនៅទីក្រុង el-Fasher»។