មីយ៉ាន់ម៉ា៖ មន្ត្រីសន្តិសុខមួយរូបបានប្រាប់សារព័ត៌មាន AFP ថា មនុស្ស ២នាក់បានស្លាប់ និង ៣៨នាក់រងរបួសក្នុងការវាយប្រហារដោយគ្រាប់បែកដៃលើការជួបជុំគាំទ្រយោធា ក្នុងភាគខាងកើតសហភាពមីយ៉ាន់ម៉ាកាលពីថ្ងៃអង្គារ ខណៈការតវ៉ាប្រឆាំងរដ្ឋប្រហារជាច្រើនត្រូវបានធ្វើឡើងទូទាំងប្រទេសនៅថ្ងៃគម្រប់ខួបមួយឆ្នាំ ជាលើកដំបូងនៃការដណ្ដើមក្ដោបក្តាប់អំណាចពីសំណាក់យោធា។

ពុំមានក្រុមណាមួយអះអាងទទួលខុសត្រូវទេពីសកម្មភាពរបស់ខ្លួន ចំពោះការវាយប្រហារដែលបានកើតឡើង ខណៈក្រុមសកម្មជនប្រឆាំងរដ្ឋប្រហារបានប្រារព្ធខួបមួយឆ្នាំនៃរដ្ឋប្រហារ ដោយការធ្វើកូដកម្មស្ងៀមស្ងាត់ និងការតវ៉ាដោយទះដៃផ្គើននឹងបទបញ្ជារបស់របបសឹក។ យោធាបានដណ្ដើមកាន់កាប់អំណាច ដែលបានបញ្ចប់ការដឹកនាំបែបលទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចី របស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ និងបានទម្លាក់មេដឹកនាំស៊ីវិលលោកស្រី Aung San Suu Kyi ដែលបង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំជាច្រើន និងការបង្ក្រាបដ៏សាហាវទៅលើក្រុមបាតុករ។ ក្នុងការព្យាយាមទប់ស្កាត់ប្រតិកម្ម និងការប៉ះទង្គិចគ្នាជារៀងរាល់ថ្ងៃ របបសឹកបានសម្លាប់ជនស៊ីវិលជាង ១,៥០០នាក់ នេះបើយោងតាមក្រុមឃ្លាំមើលស្ថានការណ៍ក្នុងស្រុក។ តំបន់ជាច្រើនរបស់ប្រទេសនេះត្រូវបានស្ថិតក្រោមការគ្រប់គ្រង របស់ក្រុមយុទ្ធជនប្រឆាំងរដ្ឋប្រហារ៕
អត្ថបទ៖ សុខមាន