ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយនៅក្នុងកិច្ចប្រជុំពេញអង្គនៃ ក្លិបពិភាក្សា Valdai ថា ប្រទេសរុស្ស៊ី គឺជាអ្នកផ្គត់ផ្គង់អ៊ុយរ៉ានីញ៉ូមធំទី២ដល់សហរដ្ឋអាមេរិក ហើយរំពឹងថា នឹងរកចំណូលបានប្រហែល ១,២ពាន់លានដុល្លារ លើការចែកចាយបែបនេះ នៅឆ្នាំ ២០២៥។

ប្រមុខរដ្ឋរូបនេះ បាននិយាយថា រុស្ស៊ីមិនមែនជាអ្នកផ្គត់ផ្គង់អ៊ុយរ៉ានីញ៉ូមដ៏ធំបំផុតដល់សហរដ្ឋអាមេរិកនោះទេ។ ក្រុមហ៊ុនអាមេរិក-អឺរ៉ុបនាំមុខគេ និងចែកចាយឥន្ធនៈនុយក្លេអ៊ែរប្រហែល ៦០% ទៅកាន់ទីផ្សារអាមេរិក។ លោក ពូទីន បាននិយាយថា៖«ទោះជាយ៉ាងនេះក្តី រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់សារធាតុអ៊ុយរ៉ានីញ៉ូមទី២ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដោយយើងផ្គត់ផ្គង់ប្រហែល ២៥%។
លោកប្រធានាធិបតី បានបញ្ជាក់ថា ប្រទេសរុស្ស៊ីរកចំណូលបានប្រហែល ៨០០ លានដុល្លារ ពីការផ្គត់ផ្គង់បែបនេះ ក្នុងឆ្នាំ ២០២៤។ ប្រមុខរដ្ឋរូបនេះ បានបន្ថែមថា៖«ក្នុងអំឡុងឆមាសទី១ នៃឆ្នាំនេះ យើងបានលក់សារធាតុអ៊ុយរ៉ានីញ៉ូម ដែលមានតម្លៃជាង ៨០០ លានដុល្លារ។ ខ្ញុំគិតថា វានឹងលើសពី ១ ពាន់លានដុល្លារ។ បើយោងតាមលទ្ធផលនៃឆ្នាំ ២០២៥ គឺប្រហែល ១.២ ពាន់លានដុល្លារ»៕
