វិស្វករពីរនាក់ បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលការវាយប្រហារដោយយានដ្រូនរបស់អ៊ីស្រា អែល បានត្រូវចំរថយន្តរបស់ពួកគេ នៅលើផ្លូវ Khardali ដែលជាផ្លូវសំខាន់មួយតភ្ជាប់ស្រុក Nabatieh និង ស្រុក Marjayoun ឆ្លងកាត់ទន្លេ Litani នៅភាគខាងត្បូងប្រទេសលីបង់។
ក្រសួងសុខាភិបាលលីបង់ បាននិយាយថា ការកើនឡើងចុងក្រោយនៃការវាយប្រហារឆ្លងព្រំដែន បានសម្លាប់មនុស្សពីរនាក់ និងម្នាក់ទៀត រងរបួស។ បណ្តាញដែលមានទំនាក់ទំងជាមួយក្រុមហេសបូឡា បានកំណត់អត្តសញ្ញាណអ្នកស្លាប់ថា ជាវិស្វករមានឈ្មោះថា Ahmed Saad និង Mustafa Rizk ដែលកំពុងធ្វើការជាមួយមូលនិធិ Jihad Al-Bina របស់ក្រុមនេះ។

ក្រុមវិស្វករលីបង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកស្លាប់ទាំងពីរនាក់ «កំពុងបំពេញកាតព្វកិច្ចវិជ្ជាជីវៈ និងជាតិរបស់ពួកគេ» ខណៈដែលពួកគេកំពុងធ្វើដំណើរទៅកាន់តំបន់ Khiam ដើម្បីវាយតម្លៃការខូចខាតដែលបន្សល់ទុកដោយសង្រ្គាមកាលពីឆ្នាំមុន ជាមួយអ៊ីស្រាអែល។
ការកើនឡើងរបស់អ៊ីស្រាអែលកើតឡើង នៅពេលដែលការថប់បារម្ភកើនឡើងនៅក្នុងប្រទេសលីបង់ ជុំវិញការរំពឹងទុកនៃសង្រ្គាមជាថ្មី ជាមួយនឹងការបដិសេធរបស់ហេសបូឡា ដែលគាំទ្រដោយមន្ត្រីអ៊ីរ៉ង់ ក្នុងការប្រគល់អាវុធរបស់ខ្លួន ទៅឲ្យរដ្ឋគ្រប់គ្រង៕
