ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានរិះគន់សហរដ្ឋអាមេរិក ជុំវិញកិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងការដាក់សម្ពាធលើប្រទេសឥណ្ឌា ដើម្បីឲ្យបញ្ឈប់ការជួញដូរប្រេងឆៅរបស់រុស្ស៊ី ដោយបញ្ជាក់ថាថា ទីក្រុងញូវដេលីនឹងមិនចុះចាញ់នឹងការទាមទារបែបនេះនោះទេ ហើយមិនបណ្ដោយឲ្យខ្លួនឯងត្រូវរងការអាម៉ាស់ នៅចំពោះមុខនរណាម្នាក់ឡើយ។
ជាមួយគ្នានេះ អំឡុងពេលថ្លែងនៅក្នុងសម័យប្រជុំពេញអង្គនៃក្លឹបពិភាក្សា Valdai (Valdai Discussion Club) ក្នុងទីក្រុង Sochi លោកប្រធានាធិបតីរុស្ស៊ី បានពោលសរសើរនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ថា ជា «មេដឹកនាំដែលចេះថ្លឹងថ្លែង និងប្រកបដោយប្រាជ្ញា» ខណៈដែលលោកបានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូ និងញូវដេលី មានរួមគ្នានូវទំនាក់ទំនង «ដ៏ពិសេស»។
លោក Putin បាននិយាយថា ការនាំចូលប្រេងឆៅរបស់ឥណ្ឌា ពីប្រទេសរុស្ស៊ី គឺពាក់ព័ន្ធនឹងសេដ្ឋកិច្ចសុទ្ធសាធ ពោលគឺមិនមានទាក់ទងនឹងទិដ្ឋភាពនយោបាយនោះទេ។ លោកបានចោទជាសំណួរថា៖ «ប្រសិនបើឥណ្ឌាបដិសេធការផ្គត់ផ្គង់ថាមពលរបស់យើង វានឹងនាំឲ្យមានការខាតបង់។ ហើយតម្លៃប៉ាន់ប្រមាណ គឺខុសគ្នា ដោយអ្នកខ្លះថា វាអាចមានប្រហែល ៩-១០ពាន់លានដុល្លារ។ ប៉ុន្តែប្រសិនបើមិនបដិសេធ នឹងមានការដាក់ទណ្ឌកម្ម ហើយនឹងមានការខាតបង់ដូចគ្នា»។

លោកបានបន្ថែមថា៖ «ពិតមែនហើយ ប្រជាជននៃប្រទេសមួយ ដូចជាឥណ្ឌាជាដើម ខ្ញុំជឿថា នឹងតាមដានយ៉ាងដិតដល់នូវការសម្រេចចិត្តដែលធ្វើឡើងដោយមេដឹកនាំនយោបាយ ហើយនឹងមិនបណ្ដោយឲ្យរងការអាម៉ាស់ នៅចំពោះមុខនរណាម្នាក់ឡើយ។ ហើយហេតុដូច្នេះ ខ្ញុំដឹងថា លោកនាយករដ្ឋមន្ត្រី Modi ខ្លួនលោកផ្ទាល់ នឹងមិនចាត់វិធានការណាមួយបែបនេះនោះទេ។ ការខាតបង់ដែលឥណ្ឌាត្រូវប្រឈម ដោយសារតែទណ្ឌកម្មរបស់សហរដ្ឋអាមេរិក នឹងបានប៉ះប៉ូវដោយការនាំចូលប្រេងឆៅរុស្ស៊ី ហើយថែមទាំងទទួលបានកិត្យានុភាព ក្នុងនាមជាប្រទេសអធិបតេយ្យមួយទៀតផង»។
គួរបញ្ជាក់ថា ការកត់សម្គាល់របស់មេដឹកនាំរុស្ស៊ីរូបនេះ ធ្វើឡើង ២សប្តាហ៍បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងអំឡុងពេលសុន្ទរកថារបស់លោក នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ(UNGA) បានចាត់ទុកចិន និងឥណ្ឌាថា ជា «អ្នកផ្តល់មូលនិធិចម្បង» ដល់សង្រ្គាម នៅអ៊ុយក្រែន ដោយចោទប្រកាន់ប្រទេសទាំង២ ថា បានផ្តល់ហិរញ្ញប្បទានដោយការបន្តទិញប្រេងពីរុស្ស៊ី។ សហរដ្ឋអាមេរិកបានដាក់ពន្ធបន្ថែម ២៥ភាគរយលើឥណ្ឌា ជាការដាក់ទណ្ឌកម្ម ចំពោះការទិញប្រេងពីរុស្ស៊ី ដោយបានធ្វើឲ្យពន្ធសរុបលើការនាំចេញរបស់ឥណ្ឌាឡើងដល់ ៥០ភាគរយ នៅក្នុងខែសីហា៕
