ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប បានចំណាយពេលជិត ២ឆ្នាំមកហើយ ក្នុងការរង់ចាំសន្តិភាព ក្នុងសង្រ្គាម ដែលបានបំផ្លាញសហគមន៍ និងបានផ្ដាច់ជីវិតអ្នកជិតខាងរបស់ពួកគេរាប់ម៉ឺននាក់។ ហើយឥឡូវនេះ មនុស្សជាច្រើន និយាយថា ក្តីសង្ឃឹមដ៏ខ្ពស់បំផុតរបស់ពួកគេ គឺផែនការបទឈប់បាញ់ចុងក្រោយបង្អស់ដែលស្នើឡើងដោយសហរដ្ឋអាមេរិក ពោលគឺប្រសិនបើក្រុមហាម៉ាសទេទទួលយកវា។
ម្នាក់ក្នុងចំណោមប្រជាជនទាំងនោះ គឺលោក Mahmoud Bolbol អាយុ ៤៣ឆ្នាំ ជាកម្មករសំណង់ដែលស្នាក់នៅក្នុងទីក្រុងហ្កាហ្សា ជាមួយកូន ៥នាក់ នៅក្នុងសំបកផ្ទះរបស់ពួកគេ ពេញមួយសង្រ្គាមនេះ។ លោកបាននិយាយថា៖ «ក្រុមហាម៉ាសត្រូវតែនិយាយថា យល់ព្រម ចំពោះការផ្តល់ជូននេះ។ យើងបានឆ្លងកាត់ស្ថានភាពដូចនរករួចហើយ»។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញសំណើនេះ ខណៈពេលដែលជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅសេតវិមាន កាលពីថ្ងៃទី២៩ ខែកញ្ញា។ លោក Trump បាននិយាយថា ប្រសិនបើក្រុមហាម៉ាសមិនទទួលយកលក្ខខណ្ឌរបស់លោកទេ លោកនឹងផ្តល់ភ្លើងខៀវឲ្យអ៊ីស្រាអែល ពោលគឺអនុញ្ញាតឲ្យសម្ព័ន្ធមិត្ត «បញ្ចប់ការងារ» របស់ខ្លួន នោះគឺការបំផ្លាញក្រុមប្រដាប់អាវុធមួយនេះ។
ក្រុមហាម៉ាសមិនទាន់បានផ្តល់ការឆ្លើយតប ចំពោះសំណើនេះនៅឡើយទេ ប៉ុន្តែកិច្ចសម្ភាសន៍ជាមួយប្រជាជនប៉ាឡេស្ទីនជាច្រើន នៅតំបន់ហ្កាហ្សា កាលពីថ្ងៃទី១ ខែតុលា បានលើកឡើងនូវការគាំទ្រជាសាធារណៈយ៉ាងទូលំទូលាយ សម្រាប់ផែនការនេះ។ វាទាមទារឲ្យមានការបញ្ចប់ជាបន្ទាន់ ចំពោះសង្គ្រាម ដែលបាននាំមកនូវទុក្ខវេទនាយ៉ាងធំធេងដល់ជនស៊ីវិល។
លោក Bolbol បានទទូចថា៖ «ក្រុមហាម៉ាសត្រូវតែយល់ នោះគឺថា គ្រប់គ្រាន់លើសពីគ្រប់គ្រាន់ហើយ»។ លោកបានបញ្ជាក់បន្ថែមថា៖ «ជនជាតិប៉ាឡេស្ទីនភាគច្រើន នៅតំបន់ហ្កាហ្សា មិនមែនជាសមាជិកនៃក្រុមនេះទេ។ ហេតុអ្វីក៏ទាញយើងចូលទៅក្នុងរឿងនេះ?»៕

