វាយកូនបាល់៖ កីឡាករអាហ្សង់ទីន Juan Martin del Potro អតីតជើងឯក Grand Slam, US Open បានប្រកាសពីការវិលត្រលប់មកប្រឡូកកីឡាវាយកូនបាល់វិញក្រោយអវត្តមានជិត ៣ឆ្នាំ។ កីឡាករវ័យ ៣៣ឆ្នាំរូបនេះបានចូលរួមការប្រកួតចុងក្រោយបំផុតនៅខែមិថុនា ឆ្នាំ២០១៩ ហើយនៅពេលនេះបានប្រកាសពីការចូលរួមការប្រកួតកម្មវិធីចំនួនពីរនៅទីក្រុង Buenos Aires និង Rio de Janeiro។

Martin del Potro បានទទួលការវះកាត់ជង្គង់ដល់ទៅ ៤លើកតាំងប្រកួតចុងក្រោយនៅកម្មវិធីមួយត្រៀម Wimbledon កាលពីឆ្នាំ២០១៩។ អតីតកីឡាករលំដាប់លេខ ៣ ពិភពលោករូបនេះនៅពេលនេះធ្លាក់ឈរលំដាប់ថ្នាក់លេខ ៧៥៧ ពិភពលោក។ រំលឹកថា Martin del Potro ធ្លាប់យកឈ្នះ Roger Federer នៅវគ្គផ្តាច់ព្រ័ត្រលើកពាន US Open កាលពីឆ្នាំ២០០៩ ដែលជាជើងឯក Grand Slam តែមួយគត់របស់គេ។ ក្រោយមក Del Potro ក៏ធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Wimbledon ផងដែរនៅឆ្នាំ២០១៣ ដោយចាញ់ Novak Djokovic និងធ្លាប់ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ French Open ពីរលើកផងដែរ៕
អត្ថបទ៖នាង សុភាវុធ