លោកប្រធានាធិបតី Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែតុលា) បានប្រតិកម្មតបវិញដោយកំហឹង ចំពោះប្រធានាធិបតីអាមេរិក លោក Donald Trump ដែលហៅប្រទេសរុស្ស៊ីថា ជា «ខ្លាក្រដាស» ហើយបានបញ្ជាក់ថា ទីក្រុងមូស្គូនឹងឆ្លើយតបយ៉ាងឆាប់រហ័ស ប្រសិនបើខ្លួនគិតថា អឺរ៉ុបកំពុងបង្កហេតុ។

គួរបញ្ជាក់ថា លោក Trump ដែលពីមុនបានប្រាប់ថា ទីក្រុងគីវគួរតែបោះបង់ចោលដែនដី ដើម្បីបង្កើតសន្តិភាពជាមួយទីក្រុងមូស្គូនោះ បានកែប្រែវោហាសាស្ត្ររបស់លោកយ៉ាងផ្ទុយស្រឡះ កាលពីសប្តាហ៍មុន ដោយបាននិយាយថា លោកគិតថា អ៊ុយក្រែនអាចដណ្តើមយកដែនដីទាំងអស់ពីរុស្ស៊ីមកវិញ ហើយបានដាក់ឈ្មោះទីក្រុងមូស្គូថា ជា «ខ្លាក្រដាស»។ លោកបានលើកឡើងនូវសម្ដីនោះឡើងវិញ នៅក្នុងសប្តាហ៍នេះ។
អំឡុងពេលថ្លែងនៅឯព្រឹត្តិការណ៍ក្រុមពិភាក្សា Valdai (Valdai Discussion Group) នៅក្នុងរមណីយដ្ឋានសមុទ្រខ្មៅនៃទីក្រុង Sochi លោក Putin បានបញ្ជាក់ថា កងកម្លាំងរុស្ស៊ីកំពុងរុលទៅមុខតាមបណ្តោយសមរភូមិជួរមុខទាំងមូល នៅអ៊ុយក្រែន ហើយថា ស្ទើរតែទាំងអស់នៃសម្ព័ន្ធភាពណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ឥឡូវនេះ កំពុងប្រយុទ្ធជាមួយរុស្ស៊ី។
លោក Putin បាននិយាយក្នុងន័យមានកំហឹងថា៖ «ខ្លាក្រដាសមែនទេ។ អ៊ីចឹង តើនឹងមានអ្វីកើតឡើង? សូមរកវិធីដោះស្រាយជាមួយខ្លាក្រដាសមួយនេះចុះ។ មែនហើយ ប្រសិនបើយើងកំពុងប្រយុទ្ធជាមួយប្លុកណាតូទាំងមូល យើងកំពុងបម្លាស់ទៅទីមុខ រុលទៅមុខ ហើយយើងពោរពេញដោយអារម្មណ៍ជឿជាក់។ យើងជាខ្លាក្រដាសមែនទេ? ចុះណាតូខ្លួនឯង ជាអ្វីទៅ?»។
មេដឹកនាំរុស្ស៊ីរូបនេះ បានសង្កត់ថ្ងន់ថា៖ «ប្រសិនបើនរណាម្នាក់នៅតែមានបំណងចង់ប្រកួតប្រជែងជាមួយយើង នៅក្នុងវិស័យយោធា ដូចដែលយើងបាននិយាយអ៊ីចឹង សូមបណ្ដោយឲ្យពួកគេធ្វើចុះ ប្រសិនបើពួកគេយល់ថា អាចទៅរួច។ តែសូមដឹងថា វិធានការប្រឆាំងរបស់រុស្ស៊ី នឹងប្រើពេលមិនយូរឡើយ»៕
