រដ្ឋមន្ត្រីការពារជាតិវ៉េណេស៊ុយអេឡា លោក Vladimir Padrino Lopez កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែតុលា) បាននិយាយថា យន្តហោះចម្បាំងចំនួន ៥គ្រឿង ត្រូវបានប្រទះឃើញនៅជិតឆ្នេររបស់ប្រទេសលោក ជាអ្វីដែលលោកចាត់ទុកថា ជាការគំរាមកំហែងរបស់សហរដ្ឋអាមេរិក។
ជាការអត្ថាធិប្បាយដែលត្រូវបានផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋ លោកបាននិយាយពីមូលដ្ឋានទ័ពអាកាសមួយថា៖ «ទាំងនោះគឺជាយន្តហោះបែបប្រយុទ្ធរបស់ចក្រពត្តិនិយម ដែលហ៊ានចូលមកកៀកឆ្នេររបស់ប្រទេសវ៉េណេស៊ុយអេឡា»។ លោកបានបញ្ជាក់ថា ព័ត៌មានអំពីយន្តហោះត្រូវបានរាយការណ៍ទៅប៉មបញ្ជាដោយក្រុមហ៊ុនអាកាសចរណ៍មួយ។

លោក Padrino បានបន្ថែមថា៖ «វត្តមានរបស់យន្តហោះទាំងនេះ ដែលហោះហើរនៅក្បែរសមុទ្រការ៉ាអ៊ីពរបស់យើង គឺជាភាពមិនសមរម្យ ការបង្កហេតុ និងការគំរាមកំហែងដល់សន្តិសុខរបស់ប្រទេស»។
មន្ទីរបញ្ចកោណមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ ក្រោយមក នៅក្នុងសេចក្តីថ្លែងការណ៍ រដ្ឋាភិបាលបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់កូឡុំប៊ី Avianca បានរាយការណ៍ថា យន្តហោះទាំងនោះមានចម្ងាយប្រហែល ៧៥គីឡូម៉ែត្រពីឆ្នេរវ៉េណេស៊ុយអេឡា។ ក្រុមហ៊ុនអាកាសចរណ៍ Avianca មិនបានឆ្លើយតប ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងបញ្ហានេះ។
គួរជ្រាបថា សហរដ្ឋអាមេរិកបានដាក់ពង្រាយកងនាវាចម្បាំង នៅសមុទ្រការ៉ាអ៊ីព ជាប្រតិបត្តិការមួយដែលទីក្រុងវ៉ាស៊ីនតោន ផ្ដល់ហេតុផលថា កំពុងប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន។ អាមេរិកក៏បានវាយប្រហារលើទូកជាច្រើនដែលខ្លួនអះអាងថា កំពុងដឹកគ្រឿងញៀនពីវ៉េណេស៊ុយអេឡា ដោយសម្លាប់អ្នកនៅលើទូកទាំងនោះ៕
