កណ្តាល៖ នៅពេលបច្ចុប្បន្នមានពលរដ្ឋប្រមាណតែជាង ១ម៉ឺននាក់ប៉ុណ្ណោះ មិនទាន់បានទៅចាក់វ៉ាក់សាំងដូសទី១។ សម្រាប់ពលរដ្ឋមិនទាន់បានចាក់វ៉ាក់សាំងនេះ ត្រូវបានក្រុមពេទ្យតាមមណ្ឌលសុខភាព បាននិងកំពុងសហការជាមួយអាជ្ញាធរមូលដ្ឋានចុះស្រាវជ្រាវនៅតាមខ្នងផ្ទះអញ្ជើញគាត់ទៅចាក់វ៉ាក់សំាង សម្រាប់ពលរដ្ឋពិការ មនុស្សចាស់ជរាមិនអាចធ្វើដំណើរបាន ក្រុមគ្រូពេទ្យតាមមណ្ឌលសុខភាព នឹងអញ្ជើញទៅចាក់ដល់ខ្នងផ្ទះគាត់។
វេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី២ ខែកុម្ភៈនេះថា ដើម្បីសម្រេចគោលដៅចាក់វ៉ាក់សាំងកូវីដ១៩ជូនបណ្តាពលរដ្ឋខេត្តកណ្តាលឲ្យបាន ១០០% បច្ចុប្បន្នក្រុមពេទ្យបាននឹងកំពុងពង្រីកការចាក់នៅតាមបណ្តាមន្ទីរពេទ្យបង្អែក និងបណ្តាមណ្ឌលសុខភាពនៅតាមឃុំសង្កាត់ដែលជិតខ្នងផ្ទះប្រជាពលរដ្ឋ ហើយក៏មានចាក់នៅតាមបណ្តាសហគមន៍ដែលមានការប្រមូលផ្តុំមនុស្សច្រើន និងមានការស្នើចុះពីអាជ្ញាធរមូលដ្ឋាន។
បើតាមវេជ្ជបណ្ឌិត លី មករា ប្រធានមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅថ្លែងថា នៅពេលបច្ចុប្បន្នមន្ទីរពេទ្យបង្អែកជ័យជំនះ ក៏ដូចមណ្ឌលសុខភាពនានា នឹងមានការចុះចាក់តាមខ្នងផ្ទះនៅក្នុងមូលដ្ឋានខ្លួន ក្នុងករណីអាជ្ញាធរណែនាំថា ពលរដ្ឋនោះជាជនពិការនិងជាមនុស្សចាស់ជរាមិនអាចធ្វើដំណើរបានទៅឆ្ងាយបាន។
លោកបន្តថា បច្ចុប្បន្នមន្ទីរពេទ្យជ័យជំនះ កំពុងបានក្លាយជាគោលដៅការអញ្ជើញមកចាក់វ៉ាក់សាំងដូសទី១ សម្រាប់ប្រជាពលរដ្ឋពីតាមបណ្តាស្រុក និងតាមបណ្តាខេត្តនានា ខណៈពលរដ្ឋនៅក្នុងតាខ្មៅ មានអាយុចាប់ពី៦ឆ្នាំឡើងរហូតដល់វ័យចាស់គឺបានចាក់វ៉ាក់សាំងរួចហើយបានចំនួន២ដូស ហើយបាននឹងកំពុងបន្តចាក់ដូសទី៣ និងដូសទី៤ ទៀត។
បើតាមពលរដ្ឋដែលទើបមកចាក់វ៉ាក់សាំងដូសទី១នៅថ្ងៃទី២ ខែកុម្ភៈនេះ បានថ្លែងថា ការមិនទាន់បានមកចាក់វ៉ាក់សាំងដូសទី១ និងដូសទី២ ក្នុងរយៈពេលជិត២ឆ្នាំកន្លងមក គឺបានធ្វើអោយគេរស់នៅក្នុងភាពប្រុងប្រយ័ត្ន និងការភ័យខ្លាចនៃការឆ្លងមេរោគកូវីដ១៩ដែលមានការពិបាកព្យាបាល ហើយទោះយ៉ាងណាគេក៏បានអំពាវនាវអោយពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំង ឬអ្នកចាក់មិនបានពេញលេញ គឺត្រូវមកចាក់ឲ្យបានត្រឹមត្រូវទំាងអស់គ្នា ដើម្បីបន្សាំនឹងមេរោគកូវីដ១៩។
សូមបញ្ជាក់ថា ទូទាំងខេត្តកណ្តាលមានមនុស្សវ័យពី៦ឆ្នាំរហូតដល់ក្រោម១៨ឆ្នាំ បានចាក់វ៉ាក់សាំង២ដូស បានលើសពី១០០% ខណៈមនុស្សវ័យចាស់ពីចាស់ពី១៨ឆ្នាំឡើង សរុបជាង ៨៦ម៉ឺននាក់ ជិត១០០% គឺបានចាក់វ៉ាក់សាំងបានចំនួន២ដូស ហើយនៅសល់ប្រមាណជិត ១៥០០០នាក់នៅមិនទាន់បានចាក់វ៉ាក់សាំង៕អត្ថបទ ស៊ុម សុខជា.