ក្រសួងការពារជាតិស៊ុយអែត នៅថ្ងៃសុក្រ (ទី៣ ខែតុលា) នេះ បានឲ្យដឹងថា ប្រទេសអឺរ៉ុបខាងជើងមួយនេះ កំពុងស្នើច្បាប់លើកកម្ពស់សន្តិសុខនៅក្នុងសមុទ្របាល់ទិក ដោយពង្រីកសមត្ថភាពឆ្មាំល្បាតឆ្នេររបស់ខ្លួន ក្នុងការឃ្លាំមើលដែនសមុទ្រ។
គួរបញ្ជាក់ថា តំបន់សមុទ្របាល់ទិកស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីមានហេតុការណ៍ដាច់ខ្សែកាប និងបំពង់បង្ហូរឧស្ម័ន ក្រោមបាតសមុទ្រ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ បន្ទាប់ពីរុស្ស៊ីបើកការលុកលុយអ៊ុយក្រែន នៅឆ្នាំ២០២២ ក៏ដូចជាក្រោយការប្រទះឃើញការបង្ហោះយានដ្រូន និងការបំពានដែនអាកាស នាពេលថ្មីៗនេះ។

រដ្ឋមន្ត្រីការពារជនស៊ីវិលរបស់ស៊ុយអែត លោក Carl-Oskar Bohlin បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងមិនបានជ្រើសរើសស្ថានភាពខាងក្រៅរបស់យើងទេ ប៉ុន្តែយើងត្រូវតែដោះស្រាយជាមួយនឹងការពិតដែលយើងប្រឈមជាមួយ»។
អង្គការណាតូ (NATO) ដែលស៊ុយអែតជាសមាជិកដែរនោះ បានលើកឡើងកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមកថា ខ្លួនកំពុងធ្វើឲ្យប្រសើរឡើងនូវបេសកកម្ម នៅសមុទ្របាល់ទិក ដោយការដាក់នាវាចម្បាំងការពារដែនអាកាសមួយគ្រឿង និងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀត បន្ទាប់ពីមានការលុកលុយរបស់យានដ្រូន នៅក្នុងប្រទេសដាណឺម៉ាក៕
