ប្រជាជនឆេក បានចាប់ផ្តើមបោះឆ្នោត នៅថ្ងៃសុក្រ (ទី៣ ខែតុលា) នេះ ជាការបោះឆ្នោតមួយដែលទំនងជានឹងទម្លាក់រដ្ឋាភិបាលកណ្តាល-ស្តាំនិយមរបស់ពួកគេ ដោយការស្ទង់មតិបង្ហាញនូវគាំទ្រដល់មហាសេដ្ឋីប្រជានិយម លោក Andrej Babis ឲ្យវិលត្រលប់ទៅកាន់អំណាចវិញ តាមរយៈការសន្យាដំឡើងប្រាក់បៀវត្សរ៍ និងជំរុញកំណើនសេដ្ឋកិច្ច ខណៈពេលដែលកាត់បន្ថយជំនួយ សម្រាប់អ៊ុយក្រែន។
ការផ្លាស់ប្តូរនេះនឹងជួយពង្រឹងគណបក្សប្រឆាំងអន្តោប្រវេសន៍ប្រជានិយមរបស់អឺរ៉ុប និងអាចធ្វើឲ្យមានភាពស្មុគស្មាញដល់ការឯកភាពគ្នា លើគោលនយោបាយអាកាសធាតុ នៅក្នុងប្រទេសដែលគ្មានរដ្ឋាភិបាលក្នុងអំណាច បានឈ្នះអាណត្តិទី២ ចាប់តាំងពីឆ្នាំ១៩៩៦ មក។
ប្រជាជនឆេកបានជួបប្រទះនឹងអតិផរណាឡើងខ្ពស់ បន្ទាប់ពីមានជំងឺរាតត្បាតសកល និងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយនិងការងើបឡើងវិញយឺតៗពីការធ្លាក់ចុះដ៏អាក្រក់បំផុតមួយរបស់អឺរ៉ុប នៅក្នុងប្រាក់ចំណូលជាក់ស្ដែង។
អ្វីទាំងអស់នោះបានធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាពក្រុមចម្រុះ Spolu របស់លោកនាយករដ្ឋមន្ត្រី Petr Fiala និងសម្ព័ន្ធមិត្តរដ្ឋាភិបាលសេរីនិយមរបស់ខ្លួន ដែលបានផ្តោតលើការបន្ថយឱនភាពថវិកា។
បេក្ខជនទាំង២ បានធ្វើការអំពាវនាវចុងក្រោយទៅកាន់អ្នកបោះឆ្នោត នៅព្រឹកថ្ងៃសុក្រនេះ ដោយលោក Babis ចែកនំដូណាត់ នៅក្នុងទីក្រុងឧស្សាហកម្ម Ostrava។
លោក Babis គឺជាសម្ព័ន្ធមិត្តរបស់មេដឹកនាំហុងគ្រី លោក Viktor Orban នៅក្នុងក្រុម Patriots for Europe (អ្នកស្នេហាជាតិអឺរ៉ុប) នៅក្នុងសភាអឺរ៉ុប ហើយបានបង្ហាញនូវភាពមិនច្បាស់លាស់ ជុំវិញការផ្ដល់ជំនួយដល់អ៊ុយក្រែន ជាការងាកចេញពីគោលនយោបាយរបស់រដ្ឋាភិបាលលោក Fiala ដែលបានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការគាំទ្រទីក្រុងគីវ បន្ទាប់ពីមានការលុកលុយទ្រង់ទ្រាយធំរបស់រុស្ស៊ី ក្នុងឆ្នាំ២០២២។
យោងតាមលទ្ធផលស្ទង់មតិ បង្ហាញថា គណបក្ស ANO របស់លោក Babis ឈ្នះច្រើនបានសំឡេងឆ្នោតជាង ៣០ភាគតយ ពោលគឺប្រហែល ១០ភាគរយច្រើនជាងក្រុមចម្រុះ Spolu របស់លោក Fiala។ ប៉ុន្តែយ៉ាងណាក្ដី ទោះបីជាមានសម្ព័ន្ធមិត្តជាមួយគណបក្សតូចមួយ គឺ Motorists ក៏ដោយ ក៏វាទំនងជានឹងខ្វះសំឡេងភាគច្រើននៅក្នុងសភាជាន់ទាបដែលមាន ២០០អាសនៈ៕