ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែតុលានេះថា អ៊ីស្រាអែលកំពុងត្រៀមសម្រាប់ «ការអនុវត្តភ្លាមៗ» នៃដំណាក់កាលដំបូងនៃផែនការតំបន់ហ្កាហ្សារបស់លោក Trump សម្រាប់ការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល បន្ទាប់ពីការឆ្លើយតបរបស់ក្រុមហាម៉ាស។

ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនកាលពីថ្ងៃសុក្រ ទី៣ ខែតុលា បានចេញការឆ្លើយតបរបស់ខ្លួនចំពោះផែនការ២០ចំណុចរបស់លោក Trump បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានផ្តល់ពេលឱ្យក្រុមហាម៉ាសត្រឹមថ្ងៃអាទិត្យ ទី៥ ខែតុលា ដើម្បីទទួលយក បើមិនដូច្នេះទេត្រូវប្រឈមនឹងផលវិបាកធ្ងន់ធ្ងរ។
ការិយាល័យរបស់លោក Netanyahu បាននិយាយថា អ៊ីស្រាអែល «នឹងបន្តធ្វើការក្នុងកិច្ចសហប្រតិបត្តិការពេញលេញជាមួយលោកប្រធានាធិបតីនិងក្រុមការងាររបស់លោក ដើម្បីបញ្ចប់សង្រ្គាមស្របតាមគោលការណ៍កំណត់ដោយអ៊ីស្រាអែល ដែលស្របទៅនឹងចក្ខុវិស័យរបស់លោកប្រធានាធិបតី Donald Trump»។
