បណ្តាមេដឹកនាំពិភពលោក កាលពីថ្ងៃសុក្រ ទី៣ ខែតុលា បានបញ្ចេញប្រតិកម្មជាវិជ្ជមានចំពោះក្រុមហាម៉ាសដែលព្រមព្រៀងលើផ្នែកមួយចំនួននៃផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump សម្រាប់តំបន់ហ្កាហ្សា។
ការឆ្លើយតបរបស់ក្រុមតស៊ូហាម៉ាសប៉ាឡេស្ទីន ចំពោះផែនការបទឈប់បាញ់នៅតំបន់ហ្កាហ្សា របស់លោក Trump បានបង្កជារលកនៃប្រតិកម្មអន្តរជាតិ ដោយប្រទេសអេហ្ស៊ីប កាតា និងអង្គការសហប្រជាជាតិ ដោយបានស្វាគមន៍ការសម្រេចនេះ ខណៈការដឹកនាំរបស់អ៊ីស្រាអែល នៅតែខ្វែងគមនិតគ្នា។

មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ លោក Mousa Abu Marzouk បាននិយាយក្នុងបទសម្ភាសន៍ផ្តាច់មុខមួយកាលពីថ្ងៃសុក្រ ទី ០៣ ខែតុលាថា ក្រុមនេះនឹងមិនរំសាយអាវុធ មុនពេល «ការកាន់កាប់» របស់អ៊ីស្រាអែលបញ្ចប់នោះទេ ហើយបញ្ហានានាជុំវិញអនាគតរបស់តំបន់ហ្កាហ្សាគួរតែត្រូវបានពិភាក្សានៅក្នុងក្របខ័ណ្ឌជាតិប៉ាឡេស្ទីនដ៏ទូលំទូលាយ ដែលក្រុមហាម៉ាសនឹងជាផ្នែកនោះ។
មន្ត្រីរូបនេះបាននិយាយបន្ថែមថា ក្រុមហាម៉ាសនឹងចូលរួមក្នុងការចរចាលើគ្រប់បញ្ហាទាំងអស់ទាក់ទង ក្រុមនិងអាវុធរបស់ខ្លួន។
ក្រុមហាមាស បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងព្រមព្រៀងចំពោះលក្ខខណ្ឌមួយចំនួននៅក្នុងផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា រួមទាំងការដោះលែងចំណាប់ខ្មាំង ប៉ុន្តែបានជៀសវាងការដោះស្រាយបញ្ហាដែលកាន់តែតានតឹងដូចជាការរំសាយអាវុធ និងបាននិយាយថា ខ្លួននឹងស្វែងរកការចរចាបន្ថែមទៀត។

