ប្រធានាធិបតីប្រទេសម៉ាដាហ្គាស្កា លោក Andry Rajoelina បានព្រងើយកន្តើយទៅនឹងការអំពាវនាវឱ្យលោកលាលែងពីតំណែងដោយចលនាតវ៉ាដឹកនាំដោយយុវជននៅទូទាំងប្រទេស ដោយថ្កោលទោសនូវអ្វីដែលលោកយល់ថាជាផែនការធ្វើរដ្ឋប្រហារជំរុញដោយគូប្រជែង។
ក្រុមអ្នកតវ៉ា បានចេញធ្វើបាតុកម្មនៅរដ្ឋធានី Antananarivo កាលពីថ្ងៃសុក្របន្ទាប់ពីការផ្អាក «ជាយុទ្ធសាស្ត្រ» នៅក្នុងបាតុកម្មស្ទើរតែរាល់ថ្ងៃដឹកនាំដោយចលនាដែលគេស្គាល់ថា «Gen Z» ទាមទារឱ្យលោកប្រធានាធិបតីលាលែងពីដំណែង ជុំវិញការបរាជ័យក្នុងការផ្តល់សេវាជាមូលដ្ឋាន រួមមានទាំងទឹក និងអគ្គិសនី។

យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២២ នាក់ ត្រូវបានសម្លាប់ចាប់តាំងពីការតវ៉ាបានផ្ទុះផ្តើមនៅថ្ងៃទី ២៥ ខែកញ្ញា ។ រូបភាពពីទូរទស្សន៍ Real TV Madagasikara បានបង្ហាញកាលពីថ្ងៃសុក្រ ដោយនគរបាលបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកដើម្បីបំបែកអ្នកដើរក្បួនបាតុកម្មនៅក្នុងរដ្ឋធានី។ លោកប្រធានាធិបតី Rajoelina បាននិយាយនៅក្នុងសុន្ទរកថាដែលបានបង្ហោះនៅលើទំព័រ Facebook របស់លោកថា «គ្មាននរណាម្នាក់ទទួលបានផលប្រយោជន៍ពីការបំផ្លិចបំផ្លាញនៅប្រទេសនេះទេ ខ្ញុំនៅទីនេះ ខ្ញុំឈរនៅទីនេះត្រៀមស្តាប់ ត្រៀមជួយ និងនាំយកដំណោះស្រាយទៅកាន់ប្រទេសម៉ាដាហ្គាស្កា»។ លោកនិយាយថា អ្នកនយោបាយមួយចំនួនកំពុងរៀបចំផែនការដើម្បីទាញយកប្រយោជន៍ពីការតវ៉ាហើយបានពិចារណាធ្វើរដ្ឋប្រហារ ខណៈលោកកំពុងថ្លែងទៅកាន់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក កាលពីសប្តាហ៍មុន។
ចលនាក្រុម Gen Z បានច្រានចោលសុន្ទរកថារបស់ លោក Rajoelina ថា «គ្មានន័យ» ដោយសន្យាថានឹងចាត់វិធានការចាំបាច់ទាំងអស់ប្រសិនបើលោកប្រធានាធិបតីមិន «ឆ្លើយតបដោយពេញចិត្ត» ក្នុងរយៈពេល២៤ម៉ោងចំពោះការទាមទាររបស់ខ្លួន។
