ភ្នំពេញ៖ សាលាបឋមសិក្សាព្រះនរោត្តម ជាសាលាមួយក្នុងរាជធានីភ្នំពេញ ដែលផ្អាកការសិក្សាទាំងស្រុង ដោយសារការរកឃើញករណីវិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង នឹងបើកដំណើរការឡើងវិញ ថ្ងៃចន្ទសប្ដាហ៍ក្រោយ។នេះជាការលើកឡើងរបស់លោកនាយកសាលា។
សាលាបឋមសិក្សាព្រះនរោត្តម បានកំណត់កាលបរិច្ឆេទបើកដំណើរការសិក្សាក្នុងថ្នាក់រៀនឡើងវិញ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ បន្ទាប់ពីផ្អាកការសិក្សាអស់មួយរយៈដោយសារ ករណីឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង។ នេះជាការលើកឡើងរបស់លោក មាស ឆពណ្ណ ជានាយកសាលាបឋមសិក្សាព្រះនរោត្តម។ លោក បានបន្តថា សាលាមានករណីឆ្លងចំនួន ១០ ករណី ក្នុងនោះមានការឆ្លងអូមីក្រុងចំនួន ៧ករណី។ ចំពោះអ្នកដែលឆ្លងចាស់ ៧ករណីពាក់ព័ន្ធកំឡុងពេលសិក្សា បានជាសះស្បើយទាំងអស់ហើយ ដោយឡែក ៣ករណីថ្មី គឺឆ្លងមិនពាក់ព័ន្ធនឹងសាលានោះទេ។
ការបើកដំណើរការសាលារៀនឡើងវិញនេះ សាលាក៏នឹងបាញ់ថ្នាំសម្លាប់មេរោគផងដែរ។ លោកនាយកសាលាថា ការបាញ់ថ្នាំសម្លាប់មេរោគគឺនឹងធ្វើឡើងនៅថ្ងៃសៅរ៍ខាងមុខ ដោយមានការចុះបាញ់ថ្នាំដោយផ្ទាល់ពីខាងរដ្ឋបាលខណ្ឌ ដូនពេញ។
យ៉ាងណាម៉ិញលោកពុំទាន់មានការសម្រេច អនុញ្ញាត រឺមិនអនុញ្ញាតឱ្យសិស្សដែលព្យាបាលជាសះស្បើយនោះ ចូលរៀនវិញភ្លាមរឺយ៉ាងណានោះទេ ដោយរង់ចាំពិគ្រោះជាមុនសិន។
ពាក់ព័ន្ធនឹងស្ថានភាពអប់រំក្នុងក្របខណ្ឌរាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំរាជធានីភ្នំពេញ អះអាងថាគឺគ្រប់យ៉ាងដំណើរការល្អ ស្ថិតក្រោមការគ្រប់គ្រង ពុំទាន់មានបញ្ហាធ្ងន់ធ្ងរណាមួយនោះទេ។
លោកថា ចាប់ពីបើកបវេសនកាលមកទល់ពេលនេះ គឺមានតែសាលាបឋមសិក្សា ព្រះនរោត្តម មួយប៉ុណ្ណោះដែលផ្អាកការសិក្សាជាបណ្ដោះអាសន្នទាំងស្រុង រីឯសាលាប្រមាណជិត ១០ផ្សេងទៀត គឺផ្អាកត្រឹមថ្នាក់រៀនប៉ុណ្ណោះ ហើយមកទល់ពេលនេះ ក៏បានចាប់ផ្ដើមការសិក្សាធម្មតាវិញដែរ។
យ៉ាងណាម៉ិញលោកនៅតែបញ្ជាក់ថា ការប្រុងប្រយ័ត្នគឺនៅតែមាន ទោះខណៈពេលនេះ ពុំទាន់មានស្ថានភាពធ្ងន់ធ្ងរណាមួយកើតឡើងក្ដី។ លោកបន្តថា បើករណីមានបញ្ហាសុខភាពសង្សយ័ណាមួយ ត្រូវតែទៅធ្វើតេស្តស្វែងរកកូវីដ-១៩ ភ្លាមៗ៕ អត្ថបទ៖ គឹមហុក