អាជ្ញាធរបាននិយាយថា ផ្លូវយន្តហោះឡើងនិងចុះចតនៅអាកាសយានដ្ឋាន Munich ត្រូវបានបិទកាលពីល្ងាចថ្ងៃសុក្រ ទី ៣ ខែតុលា ជាលើកទីពីរក្នុងរយៈមិនដល់២៤ម៉ោង បន្ទាប់ពីយានដ្រូនត្រូវបានគេប្រទះឃើញម្តងទៀត។ សេចក្តីថ្លែងការណ៍នៅលើគេហទំព័រអាកាសយានដ្ឋានមានអំណានថា «ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់ប្រទេសអាល្លឺម៉ង់ បានរឹតត្បិតប្រតិបត្តិការជើងហោះហើរនៅអាកាសយានដ្ឋាន Munich ជាវិធានការប្រុងប្រយ័ត្នជាមុនដោយសារតែការប្រទះឃើញយានដ្រូន ហើយបានផ្អាករហូតដល់មានការជូនដំណឹងបន្ថែម»។

អ្នកនាំពាក្យនគរបាលអាកាសយានដ្ឋានបាននិយាយថា ផ្លូវយន្តហោះឡើងនិងចុះចតនៅទីក្រុង Munich ត្រូវបានបិទ។ ប្រធានក្រុមនៅលើយន្តហោះធ្វើដំណើរទៅទីក្រុងឡុងដ៍ ដែលការចេញដំណើរត្រូវបានលុបចោលបានប្រាប់អ្នកដំណើរថាផ្លូវយន្តហោះឡើងនិងចុះចតត្រូវបានបិទ «ដោយសារតែការប្រទះឃើញយានដ្រូន» ហើយឧទ្ធម្ភាគចក្រនគរបាលបានហោះនៅខាងលើ។
អាកាសយានដ្ឋាន Munich ត្រូវបានបិទអស់រយៈពេលជាច្រើនម៉ោងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា បន្ទាប់ពីប្រទះឃើញយានដ្រូន ដែលបានរំខានដល់ជើងហោះហើររាប់សិបជើង។ អាកាសចរណ៍អ៊ឺរ៉ុបបានជួបភាពវឹកវរម្តងហើយម្តងទៀតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយការប្រទះឃើញយានដ្រូនដែលអាជ្ញាធរមួយចំនួនបានដាក់កំហុសលើរុស្ស៊ី។ ប៉ុន្តែវិមានក្រឹមឡាំង បានបដិសេធការជាប់ពាក់ព័ន្ធណាមួយ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោក Alexander Dobrindt បានសន្យាកាលពីថ្ងៃសុក្រថានឹងនាំមកនូវច្បាប់ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់នគរបាលក្នុងការស្នើសុំឱ្យយោធាបាញ់ទម្លាក់យានដ្រូន។
