WHO៖ មន្ត្រីជាន់ខ្ពស់ផ្នែកបច្ចេកទេសនៃជំងឺ COVID-19 របស់អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសជាច្រើននៅមិនទាន់ឈានដល់ចំណុចកំពូលនៃករណីឆ្លងវីរុសកូរ៉ូណាបម្លែងថ្មី Omicron នៅឡើយ ហើយវិធានការនានាដែលបានដាក់ដើម្បីបញ្ឈប់ការឆ្លងរាលដាល គួរតែបន្ធូរបន្ថយជាបណ្តើរៗ។

លោកស្រី Maria Van Kerkhove បានប្រាប់សន្និសីទសារព័ត៌មានតាម online ថា យើងកំពុងជំរុញឲ្យមានការប្រុងប្រយ័ត្ន ព្រោះប្រទេសជាច្រើននៅមិនទាន់បានឆ្លងកាត់ករណីឆ្លងដល់ចំណុចកំពូលនៅឡើយ។ ប្រទេសជាច្រើនមានកម្រិតនៃការចាក់វ៉ាក់សាំងទាប ជាមធ្យមដល់ប្រជាជនដែលងាយរងគ្រោះខ្លាំងរបស់ពួកគេ។ លោកស្រីបានបន្ថែមថា ដូច្នេះនៅពេលនេះមិនមែនជាពេលត្រូវដកចេញអ្វីៗគ្រប់យ៉ាងទេ។ យើងតែងតែជំរុញហើយជំរុញទៀត ត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការអនុវត្តន៍ការធ្វើអន្តរាគមន៍ ព្រមទាំងការដកការធ្វើអន្តរាគមន៍ទាំងនោះជាបណ្ដើរៗ និងយឺតៗសន្សឹមៗ។ ព្រោះវីរុសនេះពិតជាមានការប្រែប្រួលលឿនណាស់។
ចំណែកប្រមុខអង្គការសុខភាពពិភពលោកគឺលោក Tedros Adhanom Ghebreyesus បាននិយាយថា ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិនេះមានការព្រួយបារម្ភខ្លាំងណាស់ អំពីការលើកយកមកនិយាយបូបាច់នៅក្នុងប្រទេសមួយចំនួនថា មានវ៉ាក់សាំងហើយវីរុសបម្លែងខ្លួនថ្មី Omicron ឆ្លងលឿនមែន តែវាខ្សោយ អញ្ចឹងអាចធ្វើឲ្យមនុស្សលែងគិតគូពីវិធានការទប់ស្កាត់ ហើយក៏លែងគិតថាវាជារឿងចាំបាច់៕
អត្ថបទ៖ សុខមាន