អ្នកនាំពាក្យរបស់ប្រមុខUN បាននិយាយកាលពីថ្ងៃសុក្រថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) ស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍ដែលចេញដោយក្រុមហាម៉ាស ដែលប្រកាសពីការត្រៀមខ្លួនរបស់ខ្លួន ក្នុងការដោះលែងចំណាប់ថ្នូរ និងចូលរួមដោយឈរលើមូលដ្ឋាននៃសំណើរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។
អ្នកនាំពាក្យលោក Stephane Dujarric បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោអគ្គលេខាធិការ «ស្វាគមន៍ និងត្រូវបានលើកទឹកចិត្ត» ដោយសេចក្តីថ្លែងការណ៍ដែលចេញដោយក្រុមហាម៉ាស។

អ្នកនាំពាក្យរូបនេះ បានលើកឡើងថា ប្រធានអង្គការសហប្រជាជាតិ បានជំរុញឲ្យភាគីទាំងអស់ចាប់យកឱកាស ដើម្បីបញ្ចប់ជម្លោះនៅតំបន់ហ្កាហ្សាស្ទ្រីប ហើយបានថ្លែងអំណរគុណដល់ប្រទេសកាតា និងអេ ហ្ស៊ីបសម្រាប់ការងារសម្របសម្រួល ដែលមិនអាចកាត់ថ្លៃបានរបស់ពួកគេ។
លោក Dujarric បាននិយាយថា លោកអគ្គលេខាធិការ បានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោកឲ្យមានឈប់បាញ់ជាបន្ទាន់ និងជាអចិន្ត្រៃយ៍ ការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ និងលទ្ធភាពទទួលបានជំនួយមនុស្សធម៌ដោយគ្មានការរាំង៕
«អង្គការសហប្រជាជាតិ នឹងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកគោលដៅទាំងនេះ ដើម្បីទប់ស្កាត់ការរងទុក្ខកាន់តែច្រើន»។
ក្រុមហាម៉ាស បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនបានដាក់ការឆ្លើយតបរបស់ខ្លួនចំពោះសំណើសន្តិភាពតំបន់ហ្កាហ្សារបស់លោក ត្រាំ ទៅកាន់អ្នកសម្រុះសម្រួលក្នុងតំបន់ និងអន្តរជាតិ ដោយនិយាយថា ខ្លួនបានយល់ព្រមជាគោលការណ៍ក្នុងការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលទាំងអស់ ទាំងនៅរស់ និងស្លាប់៕
