រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារលើទូកដែលត្រូវបានចោទប្រកាន់ថា រត់ពន្ធគ្រឿងញៀន នៅឯឆ្នេរសមុទ្រនៃប្រទេសវ៉េណេហ្ស៊ុយអេឡា កាលពីថ្ងៃសុក្រ ដោយបានសម្លាប់មនុស្ស ៤នាក់។
ការវាយប្រហារចុងក្រោយបង្អស់ ដែលលោក Hegseth បានប្រកាសនៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X នាំឲ្យចំនួននៃការវាយប្រហាររបស់អាមេរិកបែបនេះ កើនឡើងដល់យ៉ាងហោចណាស់ ៤លោក ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២១ នាក់ស្លាប់។

វីដេអូអមជាមួយការចែករំលែកដោយលោក Hegseth បានបង្ហាញពីទូកមួយគ្រឿងដែលកំពុងបើកយ៉ាងលឿនឆ្លងកាត់រលក មុនពេលត្រូវបានឆាបឆេះបង្កជាផ្សែងយ៉ាងខ្មួលខ្មាញ់ និងអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ។
ប្រធានមន្ទីរបញ្ចកោណ បានសរសេរថា៖«ភេរវករគ្រឿងញឿនបុរស ៤នាក់ នៅលើទូកនោះ ត្រូវបានសម្លាប់»។
លោកបាននិយាយថា ការវាយប្រហារនេះ «ត្រូវបានធ្វើឡើង នៅក្នុងដែនទឹកអន្តរជាតិ ក្បែរឆ្នេរសមុទ្រ វ៉េណេហ្ស៊ុយអេឡា ខណៈពេលដែលនាវា កំពុងដឹកជញ្ជូនគ្រឿងញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់ ឆ្ពោះទៅអាមេរិក ដើម្បីបំពុលប្រជាជនរបស់យើង»៕
