កាលពីថ្ងៃសៅរ៍ម្សិលមិញ គណបក្សកាន់អំណាចជប៉ុន បានជ្រើសរើសលោកស្រី Sanae Takaichi ដែលជាអ្នកអភិរក្សជាតិនិយមជាមេដឹកនាំថ្មីរបស់ខ្លួន ហើយនិងធ្វើឲ្យលោកស្រីក្លាយជានាយករដ្ឋមន្រ្តីស្រ្តីលើកដំបូងរបស់ប្រទេសមួយនេះ ។
គណបក្សប្រជាធិបតេយ្យសេរីនិយម(LDP) បានបោះឆ្នោតជ្រើសតាំងលោកស្រី Takaichi វ័យ ៦៤ឆ្នាំ ដើម្បីទទួលបានទំនុកចិត្តមកវិញពីសាធារណជដែលខឹងសម្បារដោយសារតម្លៃកើនឡើង ។
ការបោះឆ្នោតនៅសភា ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីជំនួសលោក Shigeru Ishiba ត្រូវបានគេរំពឹងថានឹងរៀបចំឡើងនៅថ្ងៃទី ១៥ ខែតុលាខាងមុខនេះ ។

ប្រធានគណបក្ស LDP ទំនងជាបន្តវេនពីលោក Shigeru Ishiba ជាមេដឹកនាំប្រទេសសេដ្ឋកិច្ចធំបំផុតទី ៤របស់ពិភពលោកមួយនេះ ពីព្រោះថា គណបក្សមួយនេះដែលបានគ្រប់គ្រងប្រទេសជប៉ុនស្ទើគ្រប់ពេលអំឡុងសម័យក្រោយសង្រ្គាមនោះ គឺជាគណបក្សធំជាងគេបំផុតនៅក្នុងសភា ។
ប៉ុន្តែគេនៅមិនទាន់ធានា ១០០ភាគរយនោះទេ ស្របពេលដែលគណបក្ស LDP និងដៃគូចម្រុះរបស់ខ្លួន បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភា និងព្រឹទ្ធសភា ក្រោមការដឹកនាំរបស់លោក Ishiba កាលពីឆ្នាំកន្លងទៅ ។
លោកស្រី Takaichi ដែលជាស្រ្តីម្នាក់គត់នៅក្នុងចំណោមបេក្ខជន ៥រូបរបស់គណបក្ស LDP បានផ្តួលគូប្រជែង Shinjiro Koizumi វ័យ ៤៤ឆ្នាំ ដែលចង់ក្លាយជាមេដឹកនាំវ័យក្មេងជាងគេបំផុតរបស់ជប៉ុន នាសម័យទំនើប ៕
