កំពង់ធំ៖ នៅថ្ងៃម្សិលមិញនេះ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំ ត្រៀមក្រុមគ្រូពេទ្យ និងក្រុមការងាររៀបចំទីតាំង និងបែងចែកភារកិច្ចត្រៀមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនយោធិន គ្រួសារយោធិន និងសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំប្រមាណជាង ៤០០០នាក់។
ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ថ្លែងអំណរគុណក្រុមការងារ និងក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានបំពេញភារកិច្ចប្រកបដោយបទពិសោធន៍ និងមិនខ្លាចនឿយហត់ ដើម្បីចាក់វ៉ាក់សាំងជូនយោធិន គ្រួសារយោធិន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប នាពេលកន្លងមក ។
លោក បន្តថា កិច្ចការងារបន្ទាប់នេះ គឺជាពេលវេលាដែលត្រូវបន្តការអនុវត្តតាមអនុសាសន៍ប្រមុខរាជរដ្ឋាភិបាល លើភារកិច្ចសំខាន់ៗបន្តទៀត ដែលក្រុមការងារ និងក្រុមគ្រូពេទ្យមានជាអាទិ៍ គឺត្រូវរៀបចំក្រុមការងារ និងក្រុមគ្រូពេទ្យ បែងចែកជាក្រុមដើម្បីទទួលខុសត្រូវតាមភារៈកិច្ចនីមួយៗឲ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព, ត្រូវរៀបចំទីកន្លែងថែរក្សាទុកដាក់និងរៀបចំតុចាក់វ៉ាក់សាំង នៅគិលានដ្ឋាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឲ្យបានល្អស្របតាមលក្ខណៈបច្ចេកទេស និងវិធានការរបស់ក្រសួងសុខាភិបាល និងត្រូវលើកផែនការកម្មវិធីច្បាស់លាស់ក្នុងការចាក់វ៉ាក់សាំងតាមលំដាប់លំដោយជូនយោធិន គ្រួសារយោធិន និងបងប្អូនអតីតយុទ្ធជន ឲ្យបានគ្រប់គ្នា និងធានាបានសុវត្ថិភាព ស្របតាមរបស់អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង របស់ក្រសួងការពារជាតិផងដែរ ៕




