កាលពីថ្ងៃសៅរ៍ម្សិលមិញ ព្យុះ Amy បានបង្កការខូចខាតទ្រង់ទ្រាយធំ ដោយរំលើងដើមឈើ និងបំផ្លិចបំផ្លាញរថយន្តនៅអៀរឡង់ខាងជើង ធ្វើឲ្យរលកសមុទ្រធំៗ និងការជន់លិចតាមតំបន់មួយចំនួននៅអៀរឡង់ ។
នៅទីក្រុង Belfast មែកឈើបាក់សង្កត់លើរថយន្តចតចោល ក្នុងនោះខ្យល់បក់ខ្លាំង បន្តវាយប្រហារតំបន់មួយនេះ ។ ក្នុងទីក្រុង Galway របស់អៀរឡង់ ព្យុះបានធ្វើឲ្យទឹកសមុទ្រកញ្រ្ជោលឡើងដល់លើផ្លូវ ។
បណ្តាញផ្លូវរថភ្លើង Rail Scotland និយាយថា មាននូវឧបទ្ទេវហេតុជាង ១៧០លើក រួមទាំងឧបទ្ទេវហេតុ ៦០ អំឡុងរយៈពេល ២ម៉ោងដំបូងនៃព្យុះ ។

ផ្លូវរថភ្លើងជាច្រើនខ្សែនៅភាគខាងជើងស្កុតលែន ត្រូវបានបិទ មុនការមកដល់របស់ព្យុះ Amy បន្ទាប់ពីការិយាល័យឧតុនិយម ចេញសេចក្តីប្រកាសអាសន្នកាលពីដើមសប្តាហ៍នេះ ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រតិបត្តិករផ្លូវរថភ្លើង និយាយថា ពួកគេបានបង្ខំបិទផ្លូវរថភ្លើងទាំងអស់ចេញពីទីក្រុង Glasgow និងផ្លូវរថភ្លើងនៅតំបន់ភាគខាងត្បូងស្កុតលែន ដោយពុំបានព្រមានឲ្យដឹងជាមុន ពេលដែលកម្លាំងព្យុះខ្លាំងក្លាជាងការរំពឹងទុក ។
លោក Ross Moran គឺជាប្រធានបណ្តាញផ្លូវរថភ្លើង Rail Scotland និយាយថា ក្រុមរបស់ពួកយើងកំពុងធ្វើការដោយគ្មានការហត់នឿយ ដើម្បីវាយតម្លៃការខូចខាត និងអង្កេតផ្លូវរថភ្លើង ។
លោកបន្តថា សុវត្ថិភាពនៅតែជាអាទិភាពកំពូលរបស់ពួកយើង ។ ពួកយើងត្រូវតែធានាថា ក្រុមការងាររបស់ពួកយើងអាចធ្វើការដោយសុវត្ថិភាព និងបញ្ជាក់ថា ផ្លូវរថភ្លើងមានសុវត្ថិភាព មុនពេលសេវាកម្មដឹកអ្នកដំណើរអាចបន្តឡើងវិញបាន ៕
