អាកាសយានដ្ឋានក្រុង Munichរបស់ប្រទេសអាល្លឺម៉ង់ និយាយកាលពីថ្ងៃសៅរ៍ថា ពួកគេបានចាប់ផ្តើមឡើងវិញបន្តិចម្តងៗនូវជើងហោះហើររបស់ខ្លួន ចាប់ពីវេលាម៉ោង ៧ព្រឹក ម៉ោងក្នុងស្រុកតទៅ ក្នុងនោះការពន្យាពេល ត្រូវបានគេរំពឹងទុកពេញមួយថ្ងៃ រយៈពេលប៉ុន្មានម៉ោង ក្រោយផ្លូវរត់របស់យន្តហោះទាំង ២ បានបិទជាលើកទី ២ក្នុងរយៈពេលតិចជាង ២៤ម៉ោង ដោយសារឃើញយានដ្រូន ។
គេហទំព័រអាកាសយានដ្ឋាន បានណែនាំឲ្យអ្នកដំណើរត្រួតពិនិត្យជាមួយក្រុមហ៊ុនអាកាសចរណ៍របស់ពួកគេ ពេលដែលពួកគេត្រៀមខ្លួនសម្រាប់ការចាប់ផ្តើមការហោះហើរឡើងវិញ រយៈពេល ២ម៉ោងយឺតជាងកាលបរិច្ឆេតដែលបានកំណត់កាលពីដំបូង បន្ទាប់ពីការបិទការហោះហើកាលពីយប់ថ្ងៃសុក្រ ។

ក្រុមអាជ្ញាធរ និយាយថា ជើងហោះហើររាប់សិបវ៉ុល ត្រូវបានបង្វែរទិសដៅ ឬលុបចោល ធ្វើឲ្យជាប់ខ្លួនអ្នកដំណើរប្រហែល ៦.៥០០នាក់ ។
អ្នកស្រី Mia Praks គឺជាអ្នកដំណើរមកពីប្រទេសអេស្តូនី និងស្ថិតនៅក្នុងចំណោមអ្នកដំណើរជាប់ខ្លួន និយាយថា ពួកយើងបានចំណាយពេលពេញមួយយប់នៅក្នុងអាកាសយានដ្ឋាន ពួកយើងបានសម្រាកនៅទីនេះ ។
សូមបញ្ជាក់ថា អាកាសចរណ៍អឺរ៉ុប បានធ្លាក់ក្នុងភាពវឹកវរម្តងហើយម្តងទៀត ក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ ដោយសារឃើញយានដ្រូនដែលក្រុមអាជ្ញាធរមួយចំនួន ដាក់ការស្តីបន្ទោសលើរុស្ស៊ី ។ ទោះបីជាយ៉ាងណាក៏ដោយ វិមានក្រឹមឡាំង បានច្រានចោលរាល់ការជាប់ពាក់ព័ន្ធណាមួយ ៕
