រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានរិះគន់វត្តមានរបស់អង្គការ NATO នៅអឺរ៉ុបខាងកើតកាលពីថ្ងៃអង្គារដោយនិយាយថា ពួកគេបានលេងដាក់យើងហើយ។ ថ្លែងក្នុងពេលមានភាពតានតឹងដែលកំពុងបន្តលើការបង្កើនកងទ័ពរុស្ស៊ីនៅជិតព្រំដែនប្រទេសអ៊ុយក្រែន លោក Putin បាននិយាយថា ប្រទេសរុស្ស៊ីត្រូវបានសន្យាដោយអង្គការ NATO ថា NATO នឹងមិនឈានទៅមុខសម្រាប់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសរុស្សី សូម្បីតែមួយអ៊ីញទៅភាគខាងកើត។
ពេលនេះយើងមើលឃើញកន្លែងដែល NATO ស្ថិតនៅមាននៅប្រទេសប៉ូឡូញ រូម៉ានី និងរដ្ឋបាល់ទិក។ លោក Putin បាននិយាយក្នុងអំឡុងសន្និសីទព័ត៌មានជាមួយនាយករដ្ឋមន្ត្រីហុងគ្រីលោក Victor Orban នៅទីក្រុងមូស្គូដោយលោកបាននិយាយថា ពួកគេបានលេងយើងហើយ។ លោក Putin បានអះអាងថា វាអាចទៅរួចក្នុងការចរចាបញ្ចប់ការប្រឈមមុខដាក់គ្នា ប្រសិនបើផលប្រយោជន៍របស់ភាគីទាំងអស់ រួមទាំងការព្រួយបារម្ភផ្នែកសន្តិសុខរបស់ប្រទេសរុស្ស៊ី ត្រូវបានយកមកពិចារណា។ លោកមានការសោកស្តាយការបដិសេធរបស់ប្រទេសលោកខាងលិច ក្នុងការពិចារណាលើការទាមទាររបស់វិមានក្រឹមឡាំងសម្រាប់ការធានាបានថា អង្គការ NATO នឹងមិនពង្រីកខ្លួនទៅកាន់ប្រទេសអ៊ុយក្រែន នឹងមិនដាក់ពង្រាយអាវុធនៅជិតព្រំដែនប្រទេសរុស្ស៊ី ហើយនឹងដកត្រលប់មកវិញនូវកងកម្លាំងរបស់ខ្លួនពីអឺរ៉ុបខាងកើត។
មេដឹកនាំប្រទេសរុស្ស៊ីបានចោទប្រកាន់ថា ការបដិសេធរបស់សម្ព័ន្ធមិត្តប្រទេសលោកខាងលិច ក្នុងការមិនយកចិត្តទុកដាក់លើការទាមទាររបស់ប្រទេសរុស្ស៊ី បានរំលោភលើកាតព្វកិច្ចរបស់ពួកគេលើសុចរិតភាពនៃសន្តិសុខសម្រាប់ប្រទេសទាំងអស់ ហើយបានទទូចថាដំណោះស្រាយអាចត្រូវបានរកឃើញតាមរយៈការពិភាក្សាបន្ថែមទៀត៕
អត្ថបទ៖ ប៊ុនថន