ក្រុមមន្ត្រីបាននិយាយនៅថ្ងៃអាទិត្យ (៥ តុលា) នេះថា ភ្លៀងធ្លាក់យ៉ាងខ្លាំងក្លាបានបង្កឱ្យមានបំណាក់ដី និងទឹកជំនន់យ៉ាងគំហុក ដែលបិទផ្លូវ បំផ្លាញស្ពាន និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២នាក់ ក្នុងពេលត្រឹមតែ ៣៦ម៉ោងចុងក្រោយនោះ នៅប្រទេសនេប៉ាល់។
អ្នកនាំពាក្យនគរបាល លោក Binod Ghimire បាននិយាយថា មនុស្ស ១៨នាក់ បានស្លាប់ក្នុងបំណាក់ដីដាច់ដោយឡែកពីគ្នានៅស្រុក Ilam នៅភាគខាងកើតជាប់ព្រំដែនប្រទេសឥណ្ឌា ហើយមនុស្ស ៣នាក់ បានស្លាប់នៅភាគខាងត្បូងប្រទេសនេប៉ាល់ ដោយសាររន្ទះបាញ់ និងមនុស្សម្នាក់បានស្លាប់នៅក្នុងទឹកជំនន់នៅស្រុក Udayapur ភាគខាងកើតនេប៉ាល់។

អាជ្ញាធរនិយាយថា មនុស្ស ១១នាក់ ត្រូវបានទឹកជំនន់ហូរនាំយកទៅ ហើយបានបាត់ខ្លួនចាប់តាំងពីថ្ងៃសៅរ៍មក។ អាជ្ញាធរបន្តទៀតថា ផ្លូវហាយវេជាច្រើនខ្សែត្រូវបានបិទដោយសារបំណាក់ដី និងត្រូវជន់លិចដោយទឹកជំនន់ ធ្វើឱ្យអ្នកដំណើររាប់រយនាក់ជាប់គាំង។
មន្ត្រីអាកាសធាតុបានព្រមានថា ភ្លៀងទំនងជានឹងបន្តវាយប្រហារប្រទេសតំបនភ្នំហិម៉ាឡៃនេះរហូតដល់ថ្ងៃចន្ទស្អែក ហើយអាជ្ញាធរនិយាយថាពួកគេកំពុង "យកចិត្តទុកដាក់ និងប្រុងប្រយ័ត្នជាអតិបរមា" ដើម្បីជួយប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ។
គួរឱ្យដឹងថា មនុស្សរាប់រយនាក់តែងស្លាប់ជារៀងរាល់ឆ្នាំ ដោយបំណាក់ដី និងទឹកជំនន់យ៉ាងគំហុក ដែលតែងតែកើតមាននៅប្រទេសនេប៉ាល់ ភាគច្រើនក្នុងរដូវខ្យល់មូសុង ដែលជាធម្មតាចាប់ផ្តើមនៅពាក់កណ្តាលខែមិថុនា និងបន្តរហូតដល់ពាក់កណ្តាលខែកញ្ញា៕

