សមាជិកអង្គការណាតូ ប៉ូឡូញ បាននិយាយថា ខ្លួនបានប្រុងប្រៀបយន្តហោះចម្បាំងជាច្រើនគ្រឿងនៅព្រឹកព្រលឹមថ្ងៃអាទិត្យ (៥ តុលា) នេះ ដើម្បីធានាសុវត្ថិភាពដែនអាកាសរបស់ខ្លួន បន្ទាប់ពីរុស្ស៊ី បានបើកការវាយប្រហារតាមផ្លូវអាកាសដ៏ធំពេញមួយយប់ថ្ងៃសៅរ៍លើអ៊ុយក្រែន ដោយមន្ត្រីអ៊ុយក្រែន បានរាយការណ៍ថា មីស៊ីល និងយានដ្រូនរាប់រយគ្រឿងបានស្រោចលើតំបន់ Lviv ជិតព្រំដែនប៉ូឡូញ។

សមាជិកអង្គការណាតូភាគខាងកើត កំពុងមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីប៉ូឡូញ បានបាញ់ទម្លាក់យានដ្រូនដែលសង្ស័យថាជារបស់រុស្ស៊ី ក្នុងដែនអាកាសរបស់ខ្លួននៅខែកញ្ញា ហើយការប្រទះឃើញដ្រូន និងការជ្រៀតចូលដែនអាកាសជាច្រើនលើក រួមទាំងនៅរដ្ឋធានីដាណឺម៉ាក និងក្រុង Munich របស់អាល្លឺម៉ង់ បាននាំឱ្យមានភាពចលាចលក្នុងអាកាសចរណ៍អឺរ៉ុប។
ផ្នែកទាំងអស់របស់អ៊ុយក្រែន ស្ថិតនៅក្រោមការជូនដំណឹងអាសន្នពីការវាយឆ្មក់តាមអាកាសអស់ពេលជាច្រើនម៉ោងពេញមួយយប់ថ្ងៃសៅរ៍ ដោយកងទ័ពអាកាសរបស់អ៊ុយក្រែន បានចេញការព្រមានដ៏ធ្ងន់ធ្ងរបំផុតពីការវាយប្រហារដោយមីស៊ីល និងយានដ្រូនសម្រាប់តំបន់ Lviv ។
លោក Andriy Sadovyi អភិបាលតំបន់ Lviv ដែលជាទីក្រុងភាគខាងលិចរបស់អ៊ុយក្រែន ចម្ងាយប្រហែល ៧០គីឡូម៉ែត្រ ប៉ុណ្ណោះពីព្រំដែនជាមួយប៉ូឡូញ បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ទីក្រុងនេះ បានចូលរួមយ៉ាងខ្លាំងក្លាក្នុងវាយទម្លាក់យានដ្រូន និងការវាយប្រហារពីមីស៊ីលជាបន្តបន្ទាប់របស់រុស្ស៊ី។ លោកបន្ថែមថា អតិថិជនជាង ៧៣.០០០គ្រួសារ នៅក្នុងតំបន់ភាគអាគ្នេយ៍ ពុំមានថាមពលអគ្គិសនីប្រើប្រាស់នោះទេ។ ពុំទាន់មានការអត្ថាធិប្បាយភ្លាមៗពីរុស្ស៊ី លើការវាយប្រហារពេញមួយយប់ថ្ងៃសៅរ៍នេះទេ៕

