ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃអាទិត្យ (៥ តុលា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បាននិយាយថា ទីក្រុងព្យុងយ៉ាង បានបែងចែកទ្រព្យសម្បត្តិយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការកសាងកងកម្លាំងយោធាសហរដ្ឋអាមេរិក នៅកូរ៉េខាងត្បូង ហើយបានប្តេជ្ញាថានឹងបង្កើតវិធានការយោធាឱ្យកាន់តែច្រើនបន្ថែមទៀត។
ថ្លែងក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍យោធាមួយមុនខួបលើកទី៨០ នៃថ្ងៃបង្កើតគណបក្សពលករកូរ៉េ ដែលកំពុងកាន់អំណាចរបស់កូរ៉េខាងជើង លោក Kim បាននិយាយថា "ស្របគ្នានឹងការកសាងកម្លាំងកាន់តែច្រើនរបស់សហរដ្ឋអាមេរិកនៅក្នុងកូរ៉េខាងត្បូង ផលប្រយោជន៍ជាយុទ្ធសាស្រ្តរបស់កូរ៉េខាងជើងនៅក្នុងតំបន់ក៏បានកើនឡើងផងដែរ ហើយទីក្រុងព្យុងយ៉ាងបានបែងចែកទ្រព្យសម្បត្តិពិសេសទៅតាមគោលដៅសំខាន់ៗនៃផលប្រយោជន៍ទាំងអស់"។
លោក Kim បានព្រមានថា សត្រូវរបស់កូរ៉េខាងជើង គួរតែព្រួយបារម្ភពីទិសដៅនៃបរិយាកាសសន្តិសុខដែលកំពុងវិវត្តរបស់ពួកគេ។ លោក Kim បានបន្ថែមថា កូរ៉េខាងជើង «នឹងពិតជាបង្កើតវិធានការយោធាបន្ថែម» ដើម្បីត្រៀមឆ្លើយតបទៅនឹងការបង្កើនកម្លាំងរបស់សហរដ្ឋអាមេរិក ដោយមិនបញ្ជាក់បន្ថែមថាជាវិធានការអ្វីខ្លះនោះទេ៕